2025-11-01 00:14
22

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធ VTC ដើម្បីពិភាក្សា និងកំណត់តំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន លើការងារដោះមីនមនុស្សធម៌ ស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលត្រូវអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF)។

នេះបើយោងតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលានេះ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។

លោកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា «ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី»៕