2025-11-03 09:55
19

ព្រៃវែង៖ ក្រោយផ្ទុះរឿងអាស្រូវអនុប្រធានការិយាល័យ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខេត្តព្រៃវែង ជាអនុប្រធានវាលក្រុម៥ យកលុយពីប្រជាពលរដ្ឋលើកការកំណត់របស់រដ្ឋ ជាថ្នូរនឹងការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ស្រាប់តែលោកមេឃុំ និងប្រធានភូមិ ចំនួន ០៣ ភូមិ ក្នុងឃុំថ្មពូន ស្រុកកញ្ច្រៀច ដើរស្រង់ឈ្មោះប្រជាពលរដ្ឋ និងផ្តិតមេដៃ ដើម្បីធ្វើរបាយការណ៍ ដើម្បីការពារមន្ត្រីខិលខួចរូបនេះ ព្រមទាំងបក្ខពួក ខណៈរឿងអាស្រូវបន្តបែកធ្លាយជាបន្តបន្ទាប់។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមួយចំនួន បានបង្ហើបប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី០១ ខែវិច្ឆិកានេះថា ក្រោយពីបែកធ្លាយរឿង ករណី ពុករលួយរបស់ លោក ស្រី វិចិត្រ អនុប្រធានការិយាល័យសុរិយោដីខេត្តព្រៃវែង ជាប្រធានវាលក្រុម៥ ត្រូវពលរដ្ឋនៅឃុំព្រះឥន្ទស្មត់ ប្តឹងរឿងយកលុយពីពលរដ្ឋលើសតម្លៃដែលរដ្ឋកំណត់ និងគ្មានវិក្កយប័ត្រ ផ្ទុះពេញបណ្តាញសង្គម ស្រាប់តែប្រធានភូមិ ចំនួន ០៣ ភូមិ ក្នុងឃុំថ្មពូន បែរជានាំដើរស្រង់ឈ្មោះប្រជាពលរដ្ឋ  ឲ្យឆ្លើយសម្រាលបន្ទុករឿងយកលុយជាក់ស្តែង ដើម្បីធ្វើរបាយការណ៍ការពារ និងលាក់បាំងទង្វើរបស់ លោក ស្រី វិចិត្រ ទៅវិញ។

តាមអ្នកភូមិបានលើកឡើងថា មេភូមិដែលដើរកត់ឈ្មោះពលរដ្ឋ ដើម្បីការពារ បុគ្គល ស្រី វិចិត្រ រួមមាន៖ លោក ម៉ក់ ឃីន មេភូមិព្រះឥន្ទស្មត់, លោក យោន រី មេភូមិថ្មពូន និងលោក មាស ពឿន មេភូមិក្បាលដីរី  ដែលអាចទទួលបានការណែនាំពីនណារម្នាក់? ដោយគ្មានឆ្លងយោបលពីអភិបាលស្រុកឡើយ។

ក្រុមប្រជាពលរដ្ឋ បានអះអាងទៀតថា «លោក ស្រី វិចិត្រ កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់ធ្វើការទាលុយពីពលរដ្ឋលើកការកំណត់ដូច្នេះដែរ ហើយត្រូវពលរដ្ឋទម្លាយភាពមិនប្រក្រតីនៃការធ្វើប្លន់ដី ក៏ត្រូវមេភូមិ និងមេឃុំជួយ សម្រាលបន្ទុកដូចគ្នាដែរ ដោយឲ្យពលរដ្ឋដែលបានផ្តល់ព័ត៌មានដល់អ្នកកាសែត ដើម្បីជួយផ្សាយរកយុត្តិធម៌នោះ ត្រូវបង្ខំឲ្យធ្វើការសុំទោសជាសាធារណៈ»។

ប៉ុន្តែក្នុងពាក្យបណ្តឹងថ្មីៗនេះ របស់ពលរដ្ឋឃុំព្រះឥន្ទស្មត់ និងឃុំផ្សេងទៀត  បានប្តឹងករណី លោកស្រី វិចិត្រ អនុប្រធានការិយាល័យសុយោដីខេត្តព្រៃវែង ជាប្រធានវាលក្រុម៥ បានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយជាមួយ និងស្នាមមេដៃ ឯកសារពាក់ព័ន្ធ និងភស្តុតាងមួយចំនួនផងដែ ជាពិសេសបានជ្រាបដល់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល និងលោកអភិបាលខេត្តព្រៃវែង ផងដែរ។

លោក ភួង ភា មេឃុំថ្មពូន និងមេភូមិ ០៣ រូបទៀត បានធ្វើលិខិតបំភ្លឺរួមគ្នាថា៖ ក្រោយពីបានទទួលសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រៃវែង ពូកគាត់ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិ ដើម្បីមកទទួលយកប័ណ្ណកម្មសិទ្ធិរបស់ខ្លួនរៀងៗខ្លួនក្នុងដំណើរការចុះចែកប័ណ្ណកម្មសិទ្ធិក្នុងមួយលើកៗមានការចូលរួមពីលោកអភិបាលរងស្រុក លោកប្រធានការិល័យ ភូមិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលមកទទួលយកប័ណ្ណ ដើម្បីផ្សព្វផ្សាយអំពី តម្លៃសេវាដែលរដ្ឋបានកំណត់ជូនពួកគាត់ឲ្យបានដឹងហើយក៏មានបិទភ្ជាប់តារាងតម្លៃសេវាដែលរដ្ឋបានកំណត់នៅលើក្របសឺមីរបស់ពួកគាត់ផងដែរ។ ចំពោះការបង់ប្រាក់តិច ឬច្រើនអាស្រ័យទៅតាមចំនួនក្បាលដី និងប្រភេទដីហើយក៍មានការចំណាយក្រៅពីតារាងតម្លៃសេវាដូចជាការថតចម្លងឯកសារប្រថាប់ត្រាពន្ធ (សូន្យ) ជាដើម។ 

លោកមេឃុំ និងមេភូមិទាំងបី បានលើកឡើងថា ចំពោះមានការលេចលឺនូវព័ត៌មានថា «មានការយកប្រាក់លើសការកំណត់ចន្លោះពី ៥ ម៉ឺនរៀល ទៅ ២៥ ម៉ឺនរៀល ពួកគាត់ជាអាជ្ញាធរមូលដ្ឋានពុំបានទទួលដំណឹងជាក់លាក់ពីប្រភពណាមួយច្បាស់លាស់នោះទេ»។

ពាក់ព័ន្ធការចោទប្រកាន់នេះ លោក ស្រី វិចិត្រ អនុប្រធានវាលក្រុម៥ បានបំភ្លឺថា៖ ចំពោះការចោទលើរូបលោក ករណី ទាលុយពីប្រជាពលរដ្ឋ លើសគោលការណ៍រដ្ឋកំណត់ជាថ្នូរក្នុងការចែកប័ណ្ណនៅភូមិព្រះឥន្ទស្មត់ ភូមិថ្មពូន និងភូមិក្បាលដំរី ឃុំថ្មពូន ស្រុកកញ្ចៀច គឺភូមិទាំង៣នេះ ស្ថិតនៅក្នុងតំបន់ប្រជុំជនស្រុក ចំពោះសេវាសាធារណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ច្បាស់លាស់ គឺប្រភេទដីកសិកម្ម ក្នុង ១ ម៉ែត្រការ៉េ តម្លៃ ៤ រៀល (មួយហិកតា ៤ ម៉ឺនរៀល) និងប្រភេទដីលំនៅឋានក្នុងមួយម៉ែត្រការ៉េ តម្លៃ ៣០ រៀល (មួយហិកតា ៣០ ម៉ឺនរៀ) ប៉ុន្តែមានការយកលើសបន្តិចបន្តួចគឺជាបង្កត់ប្រាក់របស់ប្រកាសអន្តរក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈ។ ដូចនេះ លោកមិនបានយកលើសពីសេវា ដែលរដ្ឋកំណត់នោះទេ។ ដោយឡែកពាក់ព័ន្ធលើការចំណាយក្រៅពីតារាងតម្លៃសេវាដែលរដ្ឋកំណត់ មានដូចជា «ការថតចម្លង ឯកសារប្រថាប់ត្រាពន្ធសូន្យ»។

សូមបញ្ជាក់ថា យោងតាមពាក្យបណ្តឹងរបស់តំណាងពលរដ្ឋភូមិខាងលើ ដែលបានដាក់ពា្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ បានរៀបរាប់អំពីសកម្មភាពការចែកបណ្ណជូនពលរដ្ឋ ជាថ្នូរនិងការបង់ប្រាក់លើសកំណត់ ផ្ទុយទៅនឹងច្បាប់រដ្ឋ ទាមទារឱ្យប្រជាពលរដ្ឋបង់ប្រាក់តាមអំពើចិត្ត គ្មានវិក័យប័ត្រ ដែលជាអំពើខុសច្បាប់ និងជាសកម្មភាពប្រព្រឹត្តអំពើពុករលួយនាំឱ្យប៉ះពាល់ឈ្មោះមន្ត្រីស្អាតស្អំដែលខិតខំបម្រើរាស្ត្រ ទើបពលរដ្ឋស្នើសុំដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ីបអង្កេតលើ លោក ស្រី វិចិត្រ ដើម្បីយកផ្តន្ទាទោសនឹងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕