2025-11-03 17:55
19

ស្វាយរៀង៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹង ស្តីពី ការផ្អាកជាបណ្តោះអាសន្ននៃការធ្វើចរាចររថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ នៅលើផ្លូវខេត្តលេខ ៣៨៨៨ ចាប់ពីច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ រហូតដល់ភូមិត្រស់ ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំពោះការផ្អាកនេះដោយសារមូលហេតុមកពីស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ដែលបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង បណ្តាលឱ្យទឹកលិចផ្លូវចន្លោះ គ.ម០១+០០០ ដល់ គ.ម០២+០០០ ក្នុងភូមិម៉ឺនជ័យ។ ស្ថានភាពនេះធ្វើឱ្យផ្លូវមិនអាចទ្រាំទ្រទម្ងន់រថយន្តធុនធំបានទេ ហើយដើម្បីការពារការខូចខាតនៃផ្លូវ និងធានាសុវត្ថិភាពចរាចរណ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀងបានសម្រេចផ្អាកជាបណ្តោះអាសន្នចរាចរណ៍រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ។

សេចក្ដីជូនដំណឹងនេះមានប្រសិទ្ធិភាព ចាប់ពីថ្ងៃចេញផ្សាយ រហូតដល់មានសេចក្ដីជូនដំណឹងសារជាថ្មី។ មន្ទីរបានអំពាវនាវឲ្យម្ចាស់រថយន្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ សូមជ្រាប និងសហការយ៉ាងខ្ពស់ ដើម្បីចូលរួមថែរក្សាផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង និងប្រកបដោយសុវត្ថិភាព៕