2025-11-03 18:03
17

កំពង់ស្ពឺ៖ ថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារចុះជួយសង្កាត់វាលពង់ បានរៀបចំពិធីសម្ពោធសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាប ក្រោមអធិបតីភាព លោក លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី ឈីវ ភិរម្យ ជាតំណាងឱ្យលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ 

ក្នុងពិធីនេះមានការនិមន្តចូលរួមពីសំណាក់ ព្រះរតនសោភ័ណ ម៉ន បឿន ព្រះវិន័យធរគណខេត្តកំពង់ស្ពឺ ព្រះគ្រូចៅអធិការវត្តទាំង៧នៃសង្កាត់វាលពង់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោក លោកស្រីជាគណៈអធិបតី លោកតា លោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសង្កាត់វាលពង់ សរុបប្រមាណ ១ ០០០នាក់។

ឆ្លៀតក្នុងឱកាសដ៏មានតម្លៃនេះដែរ លោក លី ច័ន្ទតុលា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនដល់លោកតា លោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងសង្កាត់វាលពង់ទាំងមូល ពិសេសនោះបានផ្តាំផ្ញើពាក្យរបស់ លោកឧបនាយករដ្ឋមន្ត្រី ចំនួន ២ ឃ្លា គឺ “ខ្ញុំមិនខ្ជិលដាច់ខាត” និង “ធ្វើអ្វីធ្វើឲ្យល្អបំផុត”។ 

ក្នុងពេលជាមួយគ្នានេះ លោកបានថ្លែងថា សកម្មភាពការងារ ក៏ដូចជាសមិទ្ធផលជាច្រើនរបស់ក្រុមការងារចុះជួយសង្កាត់វាលពង់ បានឆ្លុះបញ្ចាំងឲ្យឃើញអំពីស្មារតីសាមគ្គីភាពក្នុងក្របខណ្ឌនៃសង្កាត់វាលពង់។ លោកបានបន្ថែមថា ការសាងសង់សាលាពុទ្ធិកបឋមសិក្សានេះ ក្រោមគំនិតឯកភាព និងគាំទ្រ ដោយ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលក្នុងនេះទោះជាសកម្មភាពរបស់ក្រុមការងារចុះជួយសង្កាត់វាលពង់បានធ្វើច្រើនលើវិស័យអប់រំផ្នែកអាណាចក្រពិតមែន ប៉ុន្តែក៏បានគិតគូរពីវិស័យអប់រំផ្នែកពុទ្ធចក្រដូចគ្នា។ ការបណ្តុះបណ្តាលអប់រំផ្នែកសាសនា ជាការចូលរួមចំណែកក្នុងការបង្កើនធនធានមនុស្ស ដែលជាគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អស់រយៈពេលជាង ៣០ឆ្នាំមកហើយ  ដែលត្រូវបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរការសាងសង់សាលាពុទ្ធិកបឋមសិក្សានេះ មានការចូលរួមជាថវិកាពីសំណាក់ ក្រុមការងារចុះជួយសង្កាត់វាលពង់ និងសប្បុរសជននានា ព្រមទាំងប្រជាពលរដ្ឋក្នុងសង្កាត់វាលពង់ជាច្រើនរូប។ សាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី វត្តព្រៃច្រាប មានទំហំ៩ម៉ែត្រគុណនឹង២៤ម៉ែត្រ កម្ពស់មួយជាន់ មានចំនួន ០៣ បន្ទប់ ដែល ២បន្ទប់ជាបន្ទប់សិក្សា និង១បន្ទប់ទៀត ជាបន្ទប់បណ្ណាល័យ ដោយចាប់ផ្តើមសាងសង់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បញ្ចប់នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ចំណាយថវិកាសាងសង់ សរុបចំនួន ៤៩,០៣៤.៩៦ ដុល្លារអាមេរិក។ 

ជាមួយគ្នានេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចូលរួមឧបត្ថម្ភ កំព្យូទ័រ ០១ គ្រឿង និងថវិកា ចំនួន ០៨ លានរៀល សម្រាប់ការរៀបចំបណ្ណាល័យផងដែរ។
សូមបញ្ជាក់បន្ថែមផងដែរថា ក្នុងពិធីនេះបានជូនជាវត្ថុកំដរដៃជូនអ្នកចូលរួមដូចជា តាជី សរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបាន ខោខ្មៅ១ និងអាវស១។ យាយជី សរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបាន សំពត់ខ្មៅ១ និងអាវស១។ លោកគ្រូនៃសាលាបឋមសិក្សាទាំង៩ លោកគ្រូនៃវិទ្យាល័យវាលពង់ លោកគ្រូពេទ្យនៃមណ្ឌលសុខភាពដំណាក់ស្មាច់ មន្ត្រីនគរបាលបុស្តិ៍សង្កាត់វាលពង់ ប្រជាការពារ សរុបចំនួន ២៣៧ នាក់ ក្នុងម្នាក់ៗទទួលបាន ខ្សែក្រវ៉ាត់១។ អ្នកគ្រូនៃសាលាបឋមសិក្សាទាំង៩ អ្នកគ្រូនៃវិទ្យាល័យវាលពង់ អ្នកគ្រូពេទ្យនៃមណ្ឌលសុខភាពដំណាក់ស្មាច់ សរុបចំនួន ៦៤ នាក់ ក្នុងម្នាក់ៗទទួលបាន កាបូប ១ និងក្រម៉ា១។ យុវជនកាកបាទក្រហម កាយរិទ្ធ ស.ស.យ.ក និងសិស្សានុសិស្ស សរុបចំនួន ១២៥ នាក់ ក្នុងម្នាក់ៗទទួលបាន សម្ភារៈសិក្សា១ឈុត និងប្រជាពលរដ្ឋសង្កាត់វាលពង់ សរុបចំនួន ៤០០ នាក់ ក្នុងម្នាក់ៗទទួលបាន ក្រម៉ា១។

បន្ថែមពីនេះ នៅទីបញ្ចប់នៃពិធី លោកតា លោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលចូលរួមទាំងអស់ទទួលបានកាពិផាវម្នាក់១កំប៉ុងដោយភ្ជាប់ជាមួយផ្លែតាសក់ផងដែរ៕