2025-11-05 10:11
8

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥ យន្តហោះដឹកជញ្ជូនដឹកទំនិញរបស់ ក្រុមហ៊ុន UPS ប្រភេទ McDonnell Douglas MD-11 បានធ្លាក់បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន Louisville Muhammad Ali International Airport ត្រឹមតែប៉ុន្មាននាទី។ យន្តហោះនេះមានគោលដៅទៅកាន់អាកាសយានដ្ឋាន Daniel K. Inouye ក្នុងក្រុងហូណូលូលូ រដ្ឋហាវ៉ៃ។

យោងតាមសេចក្ដីថ្លែងការណ៍ពី FAA និងក្រុមហ៊ុន UPS យន្តហោះបានបាត់បង់ការតភ្ជាប់ទំនាក់ទំនងជាមួយបញ្ជាការដ្ឋានបន្ទាប់ពីហោះចេញបានប្រមាណ ៦នាទីប៉ុណ្ណោះ។ វាបានធ្លាក់ចុះក្នុងតំបន់ឧស្សាហកម្មជិតអាកាសយានដ្ឋានបង្កឲ្យមានការផ្ទុះដ៏ធំ និងអគ្គិភ័យយ៉ាងខ្លាំង។

អ្នកសង្កេតការណ៍មួយរូបបានប្រាប់ថា៖ “ខ្ញុំឮសម្លេងផ្ទុះដូចជាគ្រាប់បែក ហើយឃើញពពកផ្សែងខ្មៅក្រអាត់ឡើងពីចម្ងាយ។ វាជាអ្វីដែលគួរឱ្យភ័យខ្លាចណាស់”។
អភិបាលរដ្ឋ Kentucky  លោក Andy Beshear បាននិយាយថា៖ “ឥឡូវនេះយើងជឿថាមានអ្នកស្លាប់យ៉ាងហោចណាស់ ៣នាក់ ប៉ុន្តែខ្ញុំជឿថាចំនួននោះនឹងកើនឡើង។ យើងមានអ្នករងរបួសយ៉ាងហោចណាស់ ១១ នាក់ ដែលមួយចំនួនមានអាការៈធ្ងន់ធ្ងរ”។

ក្រុមអគ្គិភ័យ និងសង្គ្រោះបន្ទាន់បានឆ្លើយតបភ្លាមៗ ដោយជួយជម្លៀសប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ និងព្យាយាមដាក់អគ្គិភ័យ។ 
របាយការណ៍ដំបូងបង្ហាញថា មានមនុស្ស ចំនួន ០៣ នាក់ស្លាប់ និង ១១ នាក់រងរបួស។ ក្រុមការងារពិសោធន៍គ្រោះអាកាសចរណ៍ (NTSB) បានចាប់ផ្តើមស៊ើបអង្កេតហេតុការណ៍នេះ ដើម្បីកំណត់មូលហេតុពិតប្រាកដនៃការធ្លាក់។ ក្រុមហ៊ុន UPS បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ និងបានសន្យាថានឹងសហការជាមួយអាជ្ញាធរ ដើម្បីស្វែងរកមូលហេតុ និងសងការខូចខាត៕