2025-11-05 10:35
6

បាងកក៖ ការប្រកួត Miss Universe 2025 លើកទី៧៤ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ បានជួបវិបត្តិធំ បន្ទាប់ពីមានការប្រឈមមុខរវាងប្រធានស្ថាប័ន Miss Universe Organizatio (MUO) និងលោក Nawat Itsaragrisil ជាម្ចាស់ផ្ទះ ក្នុងការរៀបចំកម្មវិធី និង CEO នៃ Miss Grand International (MGI)។

នៅថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ប្រធានស្ថាប័ន Miss Universe Organizatio លោក Raul Rocha បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការថា «មុខងាររបស់លោក Nawat Itsaragrisil នឹងត្រូវ “កំណត់” ឬ “លុបចោល” ដោយសារការបង្កភាពចលាចលក្នុងការប្រកួត និងការចោទប្រកាន់ពីអ្នកប្រកួតមួយចំនួនអំពីការប្រើពាក្យសម្តីមិនសមរម្យចំពោះបេក្ខនារីដែលបានចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ»។

ប្រធានស្ថាប័ននេះ បានបញ្ជាក់ថា «យើងរួមគ្នាប្តេជ្ញារក្សានូវស្តង់ដារខ្ពស់បំផុតនៃការគោរពសុវត្ថិភាព និងសុចរិតភាពសម្រាប់អ្នកចូលរួម បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់»។
សេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីមានហេតុការណ៍មួយដែល Miss Universe Mexico និងបេក្ខនារីផ្សេងទៀតបានដើរចេញពីមុខ លោក Nawat Itsaragrisil ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី Miss Universe Thailand ក្នុងពិធី Sashing នៃកម្មវិធី Miss universe 2025 លើកទី៧៤។

លោក Nawat Itsaragrisil ប្រធានកម្មវិធី និង CEO នៃ Miss Grand International (MGI) មិនទាន់មានប្រតិកម្មឆ្លើយតបទៅនឹងវិធានការរបស់ ប្រធានស្ថាប័ន Miss Universe នោះឡើយ។
ចំពោះការប្រឈមមុខចាប់ផ្ដើមកើតឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ដោយលោក Nawat បានរៀបចំកម្មវិធី “Special Dinner” ដោយអនុញ្ញាតឱ្យអ្នកគាំទ្របោះឆ្នោតតាមរយៈការ “Like” ដើម្បីជ្រើសរើសបេក្ខភាពចូលរួមការប្រកួតចូលរួម និង Miss Universe។ Miss Universe Organizatio បានចោទថា ការប្រើប្រាស់សិទ្ធិបញ្ញា និងស្លាកសញ្ញារបស់ស្ថាប័នត្រូវបានធ្វើដោយគ្មានការអនុញ្ញាត។ ក្នុងកំឡុងពេលកម្មវិធី Sashing Ceremony មានអ្នកប្រកួតជាច្រើន រួមទាំង Miss Universe Mexico Fatima Bosch បានដើរចេញ ដោយប្រកាសថា លោក Nawat បានប្រើពាក្យមិនសមរម្យ ហៅនាងថា “ឆ្កួត”។

ក្រោយមានភាពចម្រូងចម្រាស់គ្នានេះ គណៈប្រតិភូកម្រិតខ្ពស់ ដឹកនាំដោយនាយកប្រតិបត្តិ Mario Búcaro កំពុងធ្វើដំណើរទៅប្រទេសថៃ ដើម្បីពង្រឹងសហការជាមួយប្រទេសថៃ ជាម្ចាស់ផ្ទះ ស្ថាប័ន MGI និងអាជ្ញាធរដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលការងារ ធានាសុវត្ថិភាព និងបរិយាកាសវិជ្ជាជីវៈសម្រាប់អ្នកប្រកួតទាំងអស់ និងបញ្ជាក់ពីការប្តេជ្ញារបស់ MUO ចំពោះភាពថ្លៃថ្នូរ ការគោរព និងឯកភាព។

សាររបស់ Miss Universe Mexico – Fatima Bosch បានសរសេរលើបណ្តាញសង្គមថា «ខ្ញុំស្រឡាញ់ប្រទេសថៃយ៉ាងខ្លាំង។ ខ្ញុំគោរពអ្នកទាំងអស់ និងជឿថាអ្នកជាមនុស្សអស្ចារ្យ។ ប៉ុន្តែអ្វីដែលនាយករបស់អ្នក លោក Nawat បានធ្វើមិនមែនជាការគោរពទេ។ គាត់បានហៅខ្ញុំថា “ឆ្កួត” ដោយសារបញ្ហារបស់គាត់ជាមួយស្ថាប័នហើយខ្ញុំគិតថាវាមិនសមរម្យទេ។ ខ្ញុំជឿថាពិភពលោកគួរតែដឹង និងឮអំពីរឿងនេះ ព្រោះយើងជាស្ត្រីដែលមានអំណាច។ វេទិកានេះ គឺសម្រាប់សម្លេងរបស់យើង ហើយគ្មាននរណាម្នាក់ មានសិទ្ធិបិទសម្លេងរបស់យើងទេ។ សម្រាប់អ្នកទាំងអស់ ជាពិសេសស្ត្រីមិនថាសុបិនរបស់អ្នកធំប៉ុណ្ណាក៏ដោយ ទោះបីអ្នកពាក់ម្កុដក៏ដោយ ប្រសិនបើអ្វីមួយប៉ះពាល់ដល់គុណតម្លៃរបស់អ្នក អ្នកគួរតែដើរចេញ។ សូមអរគុណ»៕