ភ្នំពេញ៖ កម្ពុជា បានបង្កើតកិត្តិយសជាតិឡើងវិញជាលើកទី ៧ ដោយឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក (World’s Best Rice 2025) ក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលរៀបចំដោយ The Rice Trader នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។ ពានរង្វាន់នេះ ជាសញ្ញាបង្ហាញពីគុណភាពខ្ពស់នៃអង្ករកម្ពុជា ដែលទទួលបានការទទួលស្គាល់អន្តរជាតិ។
កម្ពុជា បានឈ្នះពាននេះ ជាលើកដំបូងនៅឆ្នាំ២០១២ ហើយបន្តទទួលបានជោគជ័យជាបន្តបន្ទាប់នៅឆ្នាំ ២០១៣, ២០១៤, ២០១៨, ២០២២, ២០២៤ និងចុងក្រោយនៅឆ្នាំ២០២៥នេះ។
ការឈ្នះពានរង្វាន់នេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ និងសហគ្រិនខ្មែរ ដែលបានអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្ម និងរក្សាគុណភាពអង្ករជាតិឲ្យបានល្អឥតខ្ចោះ។ អង្ករខ្មែរដែលឈ្នះពានរង្វាន់នេះ ត្រូវបានគេទទួលស្គាល់ថា “មានក្លិនឈ្ងុយឈ្ងប់ បែបធម្មជាតិ និងរសជាតិឈ្ងុយឆ្ងាញ់ពិសេស”។
ពិធីប្រគល់ពានបានធ្វើឡើងក្នុងបរិយាកាសដ៏អធិកអធម ដោយមានការចូលរួមពីប្រទេសជាច្រើន និងអ្នកជំនាញវិស័យស្រូវអង្ករពិភពលោក។ ការប្រកួតនេះជាឱកាសសំខាន់សម្រាប់ប្រទេសកម្ពុជានាំអង្ករជាតិចេញទៅទីផ្សារអន្តរជាតិ និងបង្កើនប្រាក់ចំណូលសរុបជាតិតាមរយៈវិស័យកសិកម្ម៕




