2025-11-10 13:35
5

ការដោះលែងកងកម្លាំងយោធាកម្ពុជា ចំនួន ១៨ នាក់ ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ត្រូវបានពន្យារពេល បន្ទាប់ពីទាហានថៃពីរនាក់ បានរងរបួសដោយសារគ្រាប់មីននៅតំបន់ Huai Tamaria ស្រុក Kantharalak ខេត្ត Sisaket កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ដោយទាហានម្នាក់បាត់បង់ជើងស្តាំម្ខាង។ នេះបើយោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោកឧត្តមសេនីយ៍ Nattapon Nakpanit។ 

លោក Nattapo បានមានថ្លែងថា «ឧបទ្ទវហេតុនេះបានកើតឡើងទល់មុខនឹងប្រាសាទព្រះវិហារ និង Phu Ma Khuea ក្នុងតំបន់ SI SA Ket ដែលជាតំបន់ដែលប្រទេសថៃ កំពុងព្យាយាមជំរុញឱ្យដកកងកម្លាំងកម្ពុជាចេញ»។ ឧត្តមសេនីយ៍ Nattapon បាននិយាយថា យោធភូមិភាគទី២ កំពុងស៊ើបអង្កេតថាជាគ្រាប់មីនដាក់ថ្មី ឬគ្រាប់មីនចាស់។ 

ប្រទេសថៃនឹងដាក់សំណើតវ៉ាជាផ្លូវការទៅកាន់កម្ពុជា ឧត្តមសេនីយ៍ Nattapon បានព្រមានថា ប្រសិនបើការស៊ើបអង្កេតបង្ហាញថា «គ្រាប់មីនត្រូវបានដាក់ដោយចេតនា ដើម្បីបង្កគ្រោះថ្នាក់ដល់ទាហានថៃនោះ ថៃនឹងអនុវត្តវិធានការដែលខ្លាំងជាងការតវ៉ា»។

អ្នកវិភាគអន្តរជាតិ បានលើកឡើងថា ការផ្ទុះគ្រាប់មីននៅព្រំដែនបណ្តាលឱ្យទាហានថៃរងរបួស និងការពន្យារពេលដោះលែងកងកម្លាំងយោធាកម្ពុជាទាំង១៨នាក់ ដែលភាគីថៃបានចាប់យកទៅតាំងពីថ្ងៃទី២៨ ខែកក្ដដា ដោយថៃចោទថាជា “អ្នកទោសសង្គ្រាម” គឺជាសញ្ញាបង្ហាញពីភាពស្មុគស្មាញនៃទំនាក់ទំនង ថៃ-កម្ពុជា។ ប្រ សិនបើការស៊ើបអង្កេតបញ្ជាក់ពីចេតនាផ្នែកយោធា នោះអាចនាំឱ្យមានការប្រតិកម្មយោធា និងនយោបាយដែលធ្ងន់ធ្ងរជាងនេះ។ ការរក្សាសន្តិភាពតំបន់ត្រូវការការសហការរវាងរដ្ឋាភិបាលទាំងពីរ និងការចូលរួមពីស្ថាប័នអន្តរជាតិផងដែរ៕