2025-11-10 11:31
5

អ៊ីសាបេឡា (Reuters)៖ នៅថ្ងៃទី១០ វិច្ឆិកា នេះ ព្យុះទីហ្វុង Fung-wong បានបោកបក់លើភាគខាងជើងប្រទេសហ្វីលីពីនពេញមួយយប់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងបានបណ្ដាលឲ្យទីក្រុងមួយចំនួនក្នុងប្រទេសដ៏កំសត់នេះត្រូវបានកាត់ផ្ដាច់។

តាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឲ្យដឹងថា មនុស្សជាងមួយលាននាក់ត្រូវបានជម្លៀសចេញ មុនពេលព្យុះ Fung-wong បោកបក់ជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយនៅក្នុងទីក្រុងភាគខាងកើត Dinalungan ក្នុងខេត្ត Aurora ប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃអាទិត្យ។ 

មនុស្សជាច្រើននាក់ មិនអាចគេងលក់ពេញមួយយប់ ដោយសារតែឥទ្ធិពលដែលមិនអាចហាមឃាត់បានរបស់ព្យុះដ៏កំណាចនេះ។ វាក៏បានវាយលុកផ្នែកខ្លះនៃកោះ Luzon ដ៏សំខាន់របស់ហ្វីលីពីនផងដែរ ជាមួយនឹងខ្យល់បក់បោក ភ្លៀងធ្លាក់ខ្លាំង រួមទាំងខ្យល់ព្យុះបោកបក់ពេញមួយយប់ទៀតផង។

យោងតាមទីភ្នាក់ងារអាកាសធាតុរដ្ឋបាននិយាយថា ព្យុះទីហ្វុងពេលនេះកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយត្រូវបានគេព្យាករណ៍ថានឹងផ្លាស់ប្តូរទៅទិសឦសានឆ្ពោះទៅកោះតៃវ៉ាន់។ ទីភ្នាក់ងារនេះក៏បានព្រមានថា មួយផ្នែកធំនៃហ្វីលីពីននៅតែប្រឈមនឹងភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង រួមជាមួយនឹងខ្យល់ព្យុះបោកបក់នៅតាមតំបន់ឆ្នេរផងដែរ។

រីឯនិយតករអាកាសចរណ៍ស៊ីវិលបាននិយាយថា ជើងហោះហើរជាង ៤០០ ត្រូវបានលុបចោលចាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះ។

សូមជម្រាបថា Fung-wong គឺជាព្យុះទី២១ ដែលបានវាយប្រហារប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ ហើយវាបានកើតមានឡើងភ្លាមៗបន្ទាប់ពីព្យុះទីហ្វុង Kalmaegi ដែលកាលពីសប្តាហ៍មុនបានសម្លាប់មនុស្ស ២២៤នាក់នៅហ្វីលីពីន និងប្រាំផ្សេងទៀតនៅក្នុងប្រទេសវៀតណាម៕