បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសថា “ប្រទេសថៃ នឹងមិនវិលត្រឡប់ទៅកាន់តុចរចាសន្តិភាពជាមួយកម្ពុជាទៀតទេ”។ លោក Anutin បន្ថែមទៀតថា រដ្ឋាភិបាលរបស់លោក “មិនខ្លាចនឹងវិធានការពន្ធគយ ឬទណ្ឌកម្មពាណិជ្ជកម្មណាមួយពីសហរដ្ឋអាមេរិកឡើយ”។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។
លោក Anutin បានថ្លែងបែបនេះ ក្នុងឱកាសបើកវគ្គសិក្សាលើកទី ៦៨ នៃមហាវិទ្យាល័យការពារជាតិថៃ ដោយបានលើកឡើងជាសាធារណៈថា “កម្ពុជាបានខ្ជះខ្ជាយឱកាសសំខាន់មួយក្នុងការកសាងសន្តិភាពឡើងវិញជាមួយប្រទេសថៃ បន្ទាប់ពីខកខានក្នុងការអនុវត្តតាមសេចក្តីប្រកាសរួម ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ កាលពីខែមុន”។
រដ្ឋាភិបាល របស់ Anutin បានអះអាងទៀតថា “ការកប់មីនថ្មីតាមតំបន់ព្រំដែន បានរំខានដល់ទំនាក់ទំនងទ្វេភាគី និងបង្ហាញពីការអសហការណ៍ច្បាស់លាស់ពីភាគីកម្ពុជា”។ លោកបានសង្កត់ធ្ងន់ថា “រដ្ឋាភិបាលរបស់លោកនឹងដាក់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពសាធារណៈជាលើកដំបូង ទោះបីជាមានវិធានការបង្កើនពន្ធគយ ឬទណ្ឌកម្មពាណិជ្ជកម្មពីសហរដ្ឋអាមេរិក ក៏ដោយ”។
ជុំវិញការចោទប្រកាន់របស់ថៃមកលើកម្ពុជាថាបានដាក់មីនថ្មី នៅតំបន់ព្រំដែន កម្ពុជា បានសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃ រងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ។ កម្ពុជា បានបញ្ជាក់យ៉ាងមុតមាំថា “ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា” កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
ពាក់ព័ន្ធបញ្ហាទាហានថៃជាន់មីនរបួសនេះ ក្រសួងការពារជាតិ រំឭកដល់ភាគីថៃចៀសវៀងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
រដ្ឋាភិបាល Anutin បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំលែងខ្វល់អំពីការចរចាពន្ធគយទៀតហើយ។ ប្រសិនបើយើងមិនអាចលក់ទំនិញរបស់យើងទៅប្រទេសមួយបានទេ យើងនឹងបង្វែរទៅទីផ្សារផ្សេង។ យើងមិនអាចផ្ញើអនាគតរបស់យើងទៅលើប្រទេសតែមួយបានទេ”។ លោកបន្ថែមថា “បើសហរដ្ឋអាមេរិក ប្រើវិធានការពន្ធ ដើម្បីដាក់សម្ពាធលើថៃ នោះជាបញ្ហាដែលប្រទេសជាច្រើន ក៏កំពុងប្រឈមដូចគ្នា”។
នាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់បន្ថែមថា៖ “ប្រសិនបើពន្ធលើទំនិញថៃ កើនដល់ ១០០% អ្នកដែលនឹងរងផលប៉ះពាល់ គឺអ្នកប្រើប្រាស់អាមេរិកផ្ទាល់។ យើងត្រូវគាំទ្រឧស្សាហកម្មក្នុងស្រុក និងបង្កើនសមត្ថភាពប្រកួតប្រជែងដើម្បីអភិវឌ្ឍប្រទេសឲ្យបានរឹងមាំ”។
ការប្រកាសនេះបានចេញបន្ទាប់ពីភាពតានតឹងព្រំដែន កម្ពុជា-ថៃ កើនកំដៅឡើងវិញ និងការរិះគន់ពីសហរដ្ឋអាមេរិក ចំពោះវិបត្តិមីន និងសកម្មភាពយោធាថៃ នៅតំបន់ជាប់ព្រំដែនកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់នាយករដ្ឋមន្ត្រីថៃ ប្រកាស “ផ្អាក” ការអនុវត្តកិច្ចព្រមព្រៀមសន្តិភាពកម្ពុជា-ថៃគូឡាឡាំពួ ក្រោមហេតុផលទាហានខ្លួនដើរល្បាតជាន់មីនផ្ទុះ និងបើកភ្លើងខៀវដលកងព័ទត្រៀមប្រតិបត្តិការប្រយុទ្ធ ២៤ម៉ោងលើ២៤ម៉ោង ខណៈកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
លុះនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ម្សិលមិញ កងកម្លាំងប្រដាប់ដោយអាវុធយោធាថៃ បានបើកការបាញ់ប្រហារយ៉ាងសាហាវឃោរឃៅលើជនស៊ីវិលកម្ពុជា បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៣នាក់ ក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ករណីបាញ់ប្រហារនេះ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ចំពោះការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះរបស់កម្ពុជា ដែលមិនប្រដាប់ដោយអាវុធ ក៏មានវត្តមាននៅទីកន្លែងកើតហេតុនោះផងដែរ ដើម្បីការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ៕
_1763004458.jpg)







