2025-11-13 11:06
19

ថៃ៖ ពិតជាហួសចិត្ត និងមិនដឹងរកពាក្យអ្វីមកបរិយាយឲ្យត្រូវនឹងចរិតដ៏សែនក្រឡិចក្រឡុចរបស់ថៃពិតមែន! យោធភូមិភាគទី១ ថៃចេញមកបង្វែរការពិត ដោយចោទថា ឧប្បត្តិហេតុកើតមាននៅតំបន់ព្រំដែន ភាគីកម្ពុជាជាអ្នកផ្តួចផ្តើមភ្លើងកម្ដៅមុន។ នេះបើយោងតាមការចេញផ្សាយដោយ Khaosod ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ យោធភូមិភាគទី១ ថៃ បានចេញមកធ្វើការបំភ្លឺពីឧប្បត្តិហេតុនៅតំបន់ព្រំដែន ដែលជាការបំភ្លៃការពិតទាំងស្រុងដោយចោទកម្ពុជាថា  នាវេលាម៉ោង១៦និង១០នាទី ថ្ងៃខែឆ្នាំដដែល មានការបាញ់ប្រហារមួយកើតឡើងពីភាគីកម្ពុជា ដែលសន្មតថាជាអាវុធធុនតូច (AK-47) សរុបប្រមាណជា៣០គ្រាប់។ 

យោធភូមិភាគថៃខាងលើបន្តថា បន្ទាប់មកក្រុមមការងារប៊ូរ៉ាផាបានបាញ់ព្រមានដើម្បីតបតវិញក្នុងរយៈពេលប្រហែល ១០ នាទី និងអះអាងថាមិនមានការខាតបង់ខាងភាគីថៃទេ។

គួរជម្រាបឲ្យដឹងថា ក្រោយការប្រកាសចោទប្រកាន់លើកម្ពុជាពីខាងភាគីថៃយ៉ាងដូច្នេះហើយ ប្រទេសកំពូលល្បិចមួយនេះ បន្តសម្ដែងជាតួរងគ្រោះក្នុងការព្យាយាមជម្លៀសប្រជាជនខ្លួនចេញពីតំបន់ព្រំដែន ដើម្បីបន្លំភ្នែកអន្តរជាតិម្ដងហើយម្ដងទៀតដោយមិនមានការអៀនខ្មាស់ ឬរអៀសខ្លួនអ្វីបន្តិចនោះទេ។ 

លើសពីនេះ កងទ័ពភូមិន្ទថៃ ក៏បានប្រកាសច្រានចោលសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជាផងដែរ ដោយកងទ័ពភូមិន្ទរូបនេះអះអាងថា សេចក្ដីថ្លែងការណ៍របស់កម្ពុជាខាងលើ ជាការបំភ្លៃការពិត និងចោទប្រកាន់ប្រទេសស្លូតត្រង់របស់ខ្លួនទៅវិញ។

សូមបញ្ជាក់សារជាថ្មីថា កម្ពុជាជាអ្នករងគ្រោះនៅក្នុងភ្លើងកម្ដៅដ៏រ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។ ដោយយោងទៅតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា នាវេលាម៉ោងប្រមាណ ១៥:៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលករណីនេះបង្កការរបួសជនស៊ីវិលចំនួន៥រូប។ 

ការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃ បានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។

បន្ថែមពីលើនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃ លើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះផងដែរ។ 

ដោយសម្ដេច ចាត់ទុកទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ 

នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕