ភ្នំពេញ៖ គ្រប់ដំណាក់កាលនៃយុទ្ធនាការទិវា ៩ធ្នូ របស់ក្រុមមន្ត្រី អ.ប.ព. គឺជាសារអំពាវនាវឱ្យមហាជនចូលរួមកសាងសង្គមស្អាតស្អំ។ នៅថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមការងារ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រុមទី១ ដឹកនាំដោយ លោកស្រី សុខ សុផានី រួមជាមួយសហការី ចំនួន ០៩ រូប បានបន្តចុះពង្រីកយុទ្ធនាការផ្សព្វផ្សាយឆ្ពោះទៅទិវា ៩ ធ្នូ – ទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅតាមគោលដៅមូលដ្ឋាន និងទីសាធារណៈសំខាន់ៗ ចំនួន ៣ ដោយមានការចូលរួមពីមន្រ្តី ភាគីពាក់ព័ន្ធ និងសាធារណជន សរុបចំនួន ជាង ២០០ នាក់។
គោលបំណងនៃយុទ្ធនាការថ្ងៃនេះ មិនមែនគ្រាន់តែជាការចុះផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ចេញសារអំពាវនាវ និងបណ្តុះអារម្មណ៍រួម ក្នុងការកសាងសង្គមស្អាតស្អំ និងរដ្ឋបាលមានភាពទំនួលខុសត្រូវខ្ពស់... មិនចង់ មិនអាច មិនហ៊ានពុករលួយ។
សកម្មភាពរបស់យុទ្ធនាការថ្ងៃនេះ រួមមាន៖ ផ្តល់បទបង្ហាញសង្ខេបពីតួនាទី ភារកិច្ចរបស់ អ.ប.ព., ពន្យល់អត្ថន័យជ្រៅ និងគោលបំណងពិតប្រាកដនៃទិវា ៩ ធ្នូ, កម្មវិធីសំណួរ–ចម្លើយជាមួយរង្វាន់ ដើម្បីបង្កើនការចូលរួមសហគមន៍, ថតរូបអនុស្សាវរីយ៍ ជាភស្តុតាងនៃការចែករំលែកអត្ថន័យដ៏មានសារសំខាន់ និងបិទ Poster អំពីយន្តការដាក់ពាក្យប្តឹងមកកាន់ អ.ប.ព. ដើម្បីធានាថា សម្លេងរបស់ប្រជាពលរដ្ឋអាចឮ និងត្រូវបានរាយការណ៍មក។
ចំពោះសកម្មភាពទាំងនេះ ត្រូវបានអនុវត្តស្របតាមប្រធានបទ «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» មានដូចជា លើកកម្ពស់សេវាសាធារណៈឱ្យមានគុណភាពល្អ, ពង្រឹងអភិបាលកិច្ច និងការគោរពនីតិរដ្ឋ, ថែរក្សាយុត្តិធម៌ និងភាពស្អាតស្អំ, ជួយជំរុញការអភិវឌ្ឍសង្គម និងកាត់បន្ថយភាពក្រីក្រ។
ដើម្បីចូលរួមអបអរសាទរ ទិវាជាតិ–អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ ធ្នូ យើងត្រូវនិយាយថា៖ «ការប្រឆាំងអំពើពុករលួយ ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា»៕





