2025-11-28 09:53
16

ហុងកុង ថ្ងៃទី ២៨ ខែវិច្ឆិកា (Reuters) - ចំនួនអ្នកស្លាប់កើនដល់ ៩៤នាក់ ខណៈអ្នកបាត់ខ្លួនរាប់រយនាក់ទៀត កំពុងស្ថិតក្រោមការស្វែងរកពីក្រុមអ្នកជួយសង្គ្រោះហុងកុងនៅឡើយ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន Reuter នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២៥។

អាជ្ញាធរពន្លត់អគ្គិភ័យហុងកុងបាននិយាយថា ពួកគេរំពឹងថានឹងបញ្ចប់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួន ត្រឹមព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីភ្លើងឆេះដ៏អាក្រក់បំផុតរបស់ទីក្រុងក្នុងរយៈពេលជិត ៨០ ឆ្នាំ បានឆាបឆេះអគារផ្ទះល្វែង Wang Fuk នៅភាគខាងជើងនៃស្រុក Tai Po ដែលមានមនុស្សរស់នៅជាង ៤,៦០០ នាក់។ 

គួរបញ្ជាក់ថា ក្រោយអគ្គិភ័យចាប់ផ្ដើមរាលដាលកាន់តែខ្លាំងទៅៗ ក្នុងអគាររងគ្រោះខាងលើ ប៉ូលិសហុងកុង បាននិយាយថា ពួកគេបានចាប់ខ្លួនមន្ត្រីក្រុមហ៊ុនសំណង់ចំនួនបីនាក់ សង្ស័យថាជាអំពើឃាតកម្ម ដោយប្រើប្រាស់សម្ភារៈគ្មានសុវត្ថិភាព រួមទាំងបន្ទះស្នោដែលងាយឆេះបានបិទទៅលើបង្អួច ទើបបានជាបង្ករឲ្យមានសោកនាដកម្មនេះឡើង។ 

យ៉ាងណាវិញ រហូតមិនដល់ពេលនេះ សោកនាដកម្មដែលត្រូវបានលេបត្របាក់ដោយអគ្គិភ័យនៅអគារលំនៅដ្ឋាន Wang Fuk របស់ហុងកុង មិនទាន់គ្រប់គ្រងបានទាំងស្រុងនៅឡើយទេ៕