2025-11-28 14:36
6

ថៃ៖ ថ្ងៃទី២៨ ខែវិច្ឆិកា នេះ លោក Somchai Srisutthiyakorn អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Anutin Charnvirakul ទទួលខុសត្រូវ និងលាលែងពីដំណែង ជុំវិញការដោះស្រាយគ្រោះទឹកជំនន់ភាគខាងត្បូង។ នេះបើតាមការចុះផ្សាយដោយ Khaosod។

លោក Somchai បានរិះគន់រដ្ឋាភិបាលថៃ ចំពោះការផ្តល់អាទិភាពលើមុខមាត់នយោបាយ និងសំឡេងឆ្នោតខ្លាំងជាងការគ្រប់គ្រងលើគ្រោះមហន្តរាយទឹកជំនន់ឲ្យមានប្រសិទ្ធភាព។ លោកបន្តថា រៀងរាល់នាទីមានសារៈសំខាន់ណាស់ សម្រាប់អ្នកស្រុករាប់ពាន់នាក់ដែលត្រូវបានទុកចោលដោយគ្មានទឹក ឬអាហារ រួមទាំងអ្នកជំងឺ មនុស្សចាស់ និងទារក។ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ បែរជាពន្យារពេល និងផ្តោតលើរូបភាពនយោបាយ ជាជាងការសង្គ្រោះបន្ទាន់ទៅវិញ។ 

អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ខាងលើសង្កត់ធ្ងន់ថា ស្ថានភាពអាសន្នក្នុងប្រទេសថៃមិនមែនសំដៅលើការចង្អុលដៃនោះទេ ដូច្នេះ លោក Anutin និងគណៈរដ្ឋមន្ត្រីគួរតែសុំទោសជាសាធារណៈ ចំពោះការខកខានមិនបានប្រើប្រាស់យន្តការរដ្ឋបាលប្រកបដោយប្រសិទ្ធភាពក្នុងការជួយជនរងគ្រោះ។ 

លោក Somchai បានបញ្ជាក់ថា «ការលាលែងពីតំណែង និងអនុញ្ញាតឱ្យសភាជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី គឺជាការបង្ហាញអំពីការទទួលខុសត្រូវ និងទម្រង់ខ្ពស់បំផុតនៃសេចក្តីថ្លៃថ្នូរខាងនយោបាយ»៕