កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានឧប្បត្តិហេតុត្រីងាប់ដោយសង្ស័យថា មានសារធាតុពុលទឹកក្នុងអូរ មួយឈ្មោះថា «អូរឬស្សី» មានទីតាំង ក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ដើម្បីបញ្ចៀសបានពីការគ្រោះថ្នាក់ជាយថាហេតុ រដ្ឋបាលស្រុក បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ជាមួយអូរ មេត្តាផ្អាកការប្រើប្រាស់ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា... កុំឱ្យចូលក្នុងទឹកអូរនោះមួយរយៈពេលសិន រងចាំជំនាញយកទឹកទៅពិសោធន៍រកសារធាតុពុលសិន។
រដ្ឋបាលស្រុកទឹកផុស បានប្រាប់ប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់ជាមួយអូរ និងប្រើប្រាស់ទឹកអូរ «អូរឬស្សី» កំពុងសង្ស័យមានសារធាតុពុល រួមមាន៖ ភូមិតានៃ, ភូមិស្រែរបង, ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទោង នៅក្នុងឃុំជៀប និងភូមិក្រោយវត្ត, ភូមិត្រពាំងក្របៅ ក្នុងឃុំខ្លុងពពក “ផ្អាកការប្រើប្រាស់ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា... កុំឱ្យចូលក្នុង ទឹកអូរនោះមួយរយៈពេលសិន ក្រុមការងារកំពុងយកទឹកទៅពិសោធន៍រកសារធាតុពុលសិន”។
ចំពោះការផ្អាកការប្រើប្រាស់ទឹកក្នុងអូរមួយឈ្មោះថា «អូរឬស្សី» នេះ នឹងដំណើរការឡើងវិញ ក្រោយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវរកមូលហេតុ លុះពិនិត្យឃើញថាស្ថានភាពទឹកវិល មករកប្រក្រតីភាពឡើងវិញ រដ្ឋបាលស្រុក នឹងជូនដំណឹងនាពេលក្រោយ។
រដ្ឋបាលស្រុកទឹកផុស មានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ពិសេស បងប្អូនដែលរស់នៅក្នុងឃុំជៀប និងឃុំខ្លុងពពក នៃស្រុកទឹកផុស ចូលរួមសហការឱ្យបានម៉ឺងម៉ាត់ ដើម្បី បញ្ចៀសពីគ្រោះថ្នាក់នេះ៕






