ភ្នំពេញ៖ ការស៊ើបអង្កេតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននាំឲ្យចោទប្រកាន់ក្រុមក្មេងទំនើង មានរហស្សនាម «វត្តក្នុង - WK» ចំនួន ០៧ នាក់ ពាក់ព័ន្ធក្នុងករណីវាយប្រហារដោយហិង្សា កើតមាននៅសួនច្បារធម្មនុញ្ញ តាមបណ្តោផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែវិច្ឆិកានេះ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០២និង៣០នាទី មានជនសង្ស័យ ចំនួន ០៩ នាក់ ជាក្រុមក្មេងទំនើង មានរហ័ស្សនាមថា «ក្រុមវត្តក្នុង - WK» បានជិះម៉ូតូ ចំនួន ០៥ គ្រឿង បានជួបជុំគ្នា និងអង្គុយលេងនៅសួនច្បារធម្មនុញ្ញ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ស្រាប់តែបន្តិចក្រោយមកមានក្រុមក្មេងទំនើងមិនស្គាល់អត្តសញ្ញាណមានគ្នា ចំនួន ០២ទៅ ០៣នាក់ ជិះម៉ូតូ ចំនួន ០២ គ្រឿង មកដល់ចំណុច សួនច្បារធម្មនុញ្ញ រួចលើកម្រាមដៃកណ្តាលជាការឌឺដង និងបានស្ដោះទឹកមាត់ ព្រមទាំងបានស្រែកហៅ ក្រុមក្មេងទំនើងរហស្សនាម វត្តក្នុង - WK ហើយក្រុមវត្តក្នុង និងក្រុមក្មេងផ្សេងទៀត ដែលអង្គុយនៅទីនោះ បាននាំគ្នាស្រែកតបត និងបានយកកែវជ័រ ដុំថ្ម មួកសុវត្ថិភាព គប់ទៅលើក្រុមក្មេងមិនស្គាល់អត្តសញ្ញាណនោះវិញ។
លុះបានមួយសន្ទុះក្រោយមកក្រុមក្មេងមិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល ៣០ ទៅ ៤០ នាក់ ក៏នាំគ្នាជិះម៉ូតូត្រឡប់មកវិញ រួចយកមួកសុវត្ថិភាព គប់មកលើក្រុម វត្តក្នុង - WK) ត្រូវចំក្បាលជនសង្ស័យឈ្មោះ ពិន លីហៃ ហៅណាង ពេលនោះជនសង្ស័យឈ្មោះ ពិន លីហៃ ហៅ ណាង ក៏បានដោះស្បែកជើងផ្ទាត់ ពណ៌ក្រហម គប់តបតទៅវិញ ស្រាប់តែក្រុមក្មេងមិនស្គាល់អត្តសញ្ញាណ បានឈប់ ម៉ូតូនាំគ្នារត់ចុះពីលើម៉ូតូចូលដេញវាយមកលើក្រុមវត្តក្នុង(WK) ពេលនោះក្រុមវត្តក្នុង(WK) ក៏នាំគ្នារត់គេចខ្លួនបាត់អស់ នៅសល់តែឈ្មោះ ពិន លីហៃ ហៅ ណាង ដែលត្រូវបានក្រុមក្មេងមិនស្គាល់អត្តសញ្ញាណព្រួតគ្នាប្រើមួកសុវត្ថិភាព ស្បែកជើង វាយមកលើឈ្មោះ ពិន លីហៃ ហៅ ណាង បណ្តាលឱ្យរងរបួសចំផ្ទៃមុខ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមក្មេង មិនស្គាល់អត្តសញ្ញាណនោះ បានរត់គេចខ្លួនបាត់អស់។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានមកដល់ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លាស់ ពេជ្រ ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ពិន លីហៃ ហៅណាង ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ មិត្ត រដ្ឋា ហៅ រដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ឈិន វ៉ាន់ឈីវ ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ នៅ សុវណ្ណមករា ភេទប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ សន សុវណ្ណតារា ភេទប្រុស អាយុ ១៤ឆ្នាំ និងឈ្មោះ ឡុង សេដ្ឋកុល ភេទប្រុស អាយុ ១៨ឆ្នាំ។ ចំណែកឯ បក្ខពួកដែល ពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ៧ នាក់ ខាងលើ និងបក្ខពួក ពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ប្រព្រឹត្តនៅចំណុច លើសួនច្បារធម្មនុញ្ញ ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ បទល្មើសដែល មានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន សំណុំរឿងក្មេងទំនើង រហស្សនាម «ក្រុមវត្តក្នុង - WK» ត្រូវបានបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីមានចំណាត់ការបន្តតាមនិតិវិធី៕




