2023-06-30 12:06
481


ពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសបានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនី និងនិយោជិត សរុបប្រមាណជិត ៧០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ ដែលប្រារព្វនៅបរិវេណរោងចក្រ TOPEC ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈថា “ការកាន់អំណាច មិនប្រើអំណាច ស្មើនឹងអត់អំណាច”។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវសារនយោបាយទៅកាន់ក្រុមប្រឆាំងថា ខ្ញុំបានប្រាប់ហើយណា អ្នកឯងចង់ខ្ញុំឱ្យលើកលេងទោស ត្រូវផ្តេចខ្លួនចេញពីអាចង្រៃមួយនោះ និងបានផ្ញើទៅតាមមនុស្សជាប្រធានគណបក្សនយោបាយមួយឱ្យប្រាប់ទៅមនុស្សហ្នឹងទៅ “បើកអ្នកឯងគ្រាន់បោកប្រាស់ខ្ញុំ អ្នកឯងក៏មិនរួចខ្លួនដែរ ក្នុងសំណុំរឿង ៥ លើកលេងបានតែមួយទេ នៅសល់សំណុំរឿង ៤ទៀត ឥឡូវលើកលេងទោសហើយ និងដកដីកាចាប់ខ្លួន ហើយទុកសំណុំរឿងមួយដុំមិនចាត់ការ បើអ្នកឯងក្បត់ការសន្យាជាមួយខ្ញុំ អ្នកឯងគិតមើលទៅផលបានទៅលើអ្នកណា ពេលនឹងអ្នកឯងមិននៅក្រៅប្រទេសទៀតទេ អ្នកឯងចូលក្នុងស្រុកហើយ អញ្ចឹងទេអ្នកឯងចេញទៅក្រៅវិញអត់រួចទេ”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “នៅខាងក្រៅប្រទេសអ្នកឯងអាចនិយាយព្រហើនបាន ប៉ុន្តែចូលក្នុងស្រុកនិយាយព្រហើនអត់បានទេវើយ! ការកាន់អំណាចវាដូច្នេះ បើការកាន់អំណាចមិនប្រើអំណាច ស្មើនឹងអត់អំណាច”។
ពាក់ព័ន្ធសភាពការណ៍នៅព្រំដែនកម្ពុជា វៀតណាម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “យប់មិញអត់មានដ្រូនមកទៀត មានអីដល់ដាក់កាំភ្លើង ប្រកាស និងបង្ហាញកម្លាំងទ័ព បង្ហាញកម្លាំងអាវុធ អានេះវាអត់ហ៊ានហោះចូលមកដែរ ព្រោះទៅដល់ទីនោះមានអគ្គមេបញ្ជាការកងទ័ព នាយសេនាធិការចម្រុះ មេបញ្ជាការកងទ័ពជើកគោកស្តីទី និងមេបញ្ជាការកងអង្គរក្ស ដែលបញ្ជាកម្លាំងច្រើនជាងគេ ឥឡូវទ័ពរាប់ពាន់នាក់នៅទីនោះបាញ់ទម្លាក់ពួកអាហ្នឹងម្តងមើល កុំឱ្យវាព្រហើនហោះចូលទឹកដីខ្មែរ”។
សម្តេចតេជោ ហ៊ុន សែន បានសង្គត់ធ្ងន់ៗថា “មិនថារបស់អ្នកណាទេ ឱ្យចូលដីខ្មែរ គឺបាញ់ប្រាប់ទុកឱ្យហើយៗ ពីមុនបងប្អូនស្លូតពេកវាមកអញ្ចឹងយក CKC បាញ់ជ្រលរលេងអញ្ចឹង ទេអត់ទេ! បាញ់ទម្លាក់ៗ ហើយយើងមានមធ្យោបាយសម្រាប់បាញ់ទម្លាក់អាដ្រូនហ្នឹង”៕