ជាការឆ្លើយតបទៅនឹងទស្សនៈនេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានសរសេរថា សំណើរបស់ប្រទេសថៃ ដែលលើកឡើងថា “សាមញ្ញ” បានរំឭកលោកអំពីសំណើដ៏សាមញ្ញមួយផ្សេងទៀត ដែលត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ១៩៣៨។ ជាថ្នូរនឹងការដោះដូរយកសន្តិភាព នាពេលនោះ ប្រទេសឆេកូស្លូវ៉ាគី បានប្រគល់តំបន់ព្រំដែនមួយដែលខ្លួនគ្រប់គ្រង និងសម្បូរទៅដោយប្រជាជនអាល្លឺម៉ង់រស់នៅតំបន់ស៊ុយដែតតង់ឡង់ ឱ្យទៅណាស៊ីអាល្លឺម៉ង់។ វាដូចនឹងសំណើស្វែងរកសន្តិភាពរបស់ប្រទេសថៃក្នុងពេលបច្ចុប្បន្នដែរ។ សំណើនេះត្រូវបានលើកឡើងថា មានភាពចាំបាច់ និងសមស្របមួយ ហើយប្រហែលជាងាយស្រួលមួយ ដើម្បីសម្រុះសម្រួល និងធានាសន្តិភាពនៅអឺរ៉ុប ក៏ប៉ុន្តែរឿងទាំងអស់នេះ គឺជាប្រវត្តិសាស្ដ្រនៃសង្គ្រាមលោកលើកទី២។
ប្រទេសថៃ គឺមិនមែនជាណាស៊ីអាល្លឺម៉ង់ទេ ហើយជម្លោះនេះក៏មិនមែនជាបុព្វហេតុនៃសង្គ្រាមលោកនោះដែរ។ ទោះបីជាយ៉ាងណា ក៏ដោយ លក្ខខណ្ឌស្វែងរកសន្តិភាពរបស់ប្រទេសថៃ គឺគ្មានអ្វីក្រៅពីការបិទបាំង ដើម្បីបន្តសង្គ្រាមឈ្លានពានមកលើកម្ពុជាតែប៉ុណ្ណោះ។
ការទាមទាររបស់ប្រទេសថៃ នូវដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា គឺគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ហើយប្រទេសថៃ គឺមិនអាចស្វែងរកការគ្រាំទ្រពីអន្តរជាតិបានដែរ។ ដូច្នេះអ្វីដែលយើងកំពុងជួបប្រទះ ប្រសិនបើនិយាយឱ្យសាមញ្ញទៅ គឺជាការរំលោភបំពានច្បាប់អន្តរជាតិ ការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក ហើយជាការសម្លុត និងគំរាមកំហែងប្រទេសជិតខាង ដែលជារដ្ឋអធិបតេយ្យមួយរបស់ប្រជាជាតិអាស៊ាន។ យើងមិនអាចចរចាដោយចុងកាណុងបានទេ ហើយការលើកឡើងអំពីលក្ខខណ្ឌបទឈប់បាញ់របស់ប្រទេសថៃ គឺមិនអាចទទួលយកបានទាល់តែសោះ ខណៈពេលដែលប្រទេសថៃមិនគោរពកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលសម្របសម្រួល និងគាំទ្រដោយសហរដ្ឋអាមេរិក។
ស្ថានភាពបច្ចុប្បន្នអាចនាំមកនូវការរីករាលដាលកាន់តែខ្លាំងឡើងនៃភ្លើងសង្គ្រាម មិនត្រឹមតែនៅតំបន់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែហានិភ័យនៃការរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃនេះនឹងអាចជះឥទ្ធិពលដល់តំបន់ និងប្រហែលជាទៅដល់ពិភពលោកទាំងមូល។ ជម្លោះនេះ គឺត្រូវតែបញ្ចប់ ហើយមិនមែនដោយសារតែលក្ខខណ្ឌសាមញ្ញជ្រុលនិយមកំណត់ដោយរដ្ឋាភិបាលថៃនោះទេ៕






