អ្នកនាំពាក្យរង ក្រសួងការបរទេសអាម៉េរិក លោក Thomas Pigott នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យកម្ពុជា និងថៃ បញ្ចប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តពេញលេញនូវ «សេចក្តីប្រកាសរួមស្តីពីសន្តិភាពទីក្រុងគូឡាឡាំពួ»។
លោក Thomas បានបញ្ជាក់ថា «សហរដ្ឋអាមេរិកស្វាគមន៍មេដឹកនាំអាស៊ាន ដែលបានជួបជុំគ្នានៅទីក្រុងគូឡាឡាំពួក្នុងសប្តាហ៍នេះ ដើម្បីគាំទ្រកម្ពុជា និងថៃឱ្យគោរពការប្តេជ្ញាចិត្តបញ្ចប់ជម្លោះ»។
សូមជម្រាបថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី តាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ។
ជម្លោះកម្ពុជា-ថៃ កំពុងកើតមាននេះ ចាប់ផ្តើមតាំងពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយយោធាថៃ បានបើកការឈ្លានពានលើកម្ពុជា ដោយប្រើអាវុធធុនធ្ងន់គ្រប់ប្រភេទ គ្រាប់បែកចង្កោម បាញ់ផ្សែងពុល និងយន្តហោះ F-16 ទម្លាក់គ្រាប់បែកលើមូលដ្ឋានស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនរួមមាន វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ និងទីប្រជុំជន។
ការវាយប្រហារដ៏សាហាវឃោរឃៅនេះ បានបណ្តាលឱ្យមានជនស៊ីវិលកម្ពុជាស្លាប់ និងរងរបួសជាច្រើន ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏មានជនភៀសសឹកជាងកន្លះលាននាក់ផងដែរ៕



