2026-01-04 11:24
29

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការបាត់បង់សណ្តាប់ធ្នាប់នៅក្នុងពិភពលោកសព្វថ្ងៃ គឺបណ្តាលមកពីមនុស្សមិនឲ្យតម្លៃលើច្បាប់ អាត្មានិយម និងការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលប្រយោជន៍ក្រុម។ លោកបញ្ជាក់ថា “អ្នកដឹកនាំដែលមានឫសគល់ចេញពីច្បាប់ រមែងគ្រប់គ្រងសង្គមតាមគន្លងច្បាប់ ខណៈអ្នកដែលមិនមានមូលដ្ឋានច្បាប់ ច្រើនដឹកនាំដោយអំណាច និងអារម្មណ៍”។

នេះជាការលើកឡើងរបស់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស នៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមករា ឆ្នាំ២០២៥នេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ។

លោក កែវ រ៉េមី បានយកសហរដ្ឋអាមេរិក ជាឧទាហរណ៍ ដើម្បីបង្ហាញពីការដាក់តម្លៃខ្ពស់លើវិស័យច្បាប់។ លោកថា វិស័យច្បាប់នៅអាមេរិក មិនមែនជាមុខវិជ្ជាដែលអាចចូលរៀនបានដោយងាយស្រួលឡើយ។ ដើម្បីចូលរៀនសាលាច្បាប់ បេក្ខជនត្រូវឆ្លងកាត់ការប្រឡង LSAT (Law School Admission Test) ដែលមានស្តង់ដារខ្ពស់។ ប្រសិនបើពិន្ទុមិនគ្រប់តាមលក្ខខណ្ឌ នោះមិនអាចចូលរៀនបានសូម្បីតែសាលាច្បាប់ធម្មតា។

លើសពីនេះទៅទៀត ការចូលសាលាច្បាប់ល្បីៗ ត្រូវការពិន្ទុខ្ពស់ជាងស្តង់ដារទូទៅ បូកផ្សំជាមួយពិន្ទុសិក្សា GPA កម្រិត B+ ដល់ A និងបទពិសោធន៍ការងារក្នុងអំឡុងពេលសិក្សា ដូចជា ការងារស្ម័គ្រចិត្តផ្នែកមនុស្សធម៌ ឬការបង្កើតស្នាដៃជាក់ស្តែង។ សមិទ្ធិផលទាំងអស់នេះ ត្រូវដាក់បញ្ចូលក្នុងពាក្យសុំចូលរៀន ដែលជាការប្រកួតប្រជែងយ៉ាងតឹងរ៉ឹង។

លោកបន្តថា ទោះបីជាអាចចូលរៀនបានក៏ដោយ ការសិក្សាច្បាប់មានភាពលំបាកខ្លាំង ដល់ថ្នាក់និស្សិតមួយចំនួនត្រូវបោះបង់ចោលកណ្ដាលផ្លូវ។ បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតត្រូវឆ្លងកាត់ការប្រឡងយក License ដើម្បីក្លាយជាមេធាវី ដែលអ្នកខ្លះត្រូវប្រឡងពីរ ឬបីដង ទើបអាចជាប់បាន។

តាមលោក កែវ រ៉េមី ភាពលំបាកនេះហើយ ដែលធ្វើឲ្យមនុស្សជ្រើសរើសវិស័យច្បាប់កាន់តែតិច ហើយជាផលវិបាក ធ្វើឲ្យមនុស្សយល់ដឹងពីច្បាប់ក្នុងសង្គមកាន់តែខ្សត់។ នៅពេលការដឹកនាំឃ្លាតឆ្ងាយពីគន្លងច្បាប់ ហើយអ្នកបំពានច្បាប់មិនត្រូវបានដាក់ទោស នោះច្បាប់នឹងបាត់តម្លៃ ដល់ថ្នាក់ក្លាយជាក្រដាសគ្មានអត្ថន័យ។

លោកបានព្រមានថា នៅពេលសង្គមបាត់សណ្តាប់ធ្នាប់ ពិភពលោកនឹងវិលត្រឡប់ទៅរក “ច្បាប់ធម្មជាតិ គឺ អ្នកខ្លាំងទើបអាចរស់បាន”។ ដូច្នេះ សម្រាប់ប្រទេសតូចៗ ការប្រកាន់ខ្ជាប់លើច្បាប់ និងភាពស្របច្បាប់អន្តរជាតិ គឺជាវិធីតែមួយគត់ ដើម្បីការពារអធិបតេយ្យភាព និងស្វែងរកយុត្តិធម៌។

លោក កែវ រ៉េមី បញ្ចប់ថា “បើយើងបោះបង់ច្បាប់នោះ ស្មើនឹងបើកដៃឲ្យអ្នកឈ្លានពាន ប្រើកម្លាំងបំពានលើខ្លួនយើង ដោយអះអាងថាស្របច្បាប់”៕