2026-01-05 11:43
19

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋភៀសសឹក ប្រមាណជាង ១,០០០ គ្រួសារ នៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ខណៈយោធាថៃបានដាក់ទូរកុងតឺន័រ និងលួសបន្លា បិទផ្លូវមិនឱ្យចូលទៅកាន់តំបន់ភូមិខាងលើ។

អាជ្ញាធរបានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនេះបច្ចុប្បន្នកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ដោយសារតែស្ថានភាពសន្តិសុខនៅតំបន់មិនទាន់អនុញ្ញាតឱ្យមានការត្រឡប់ទៅរស់នៅវិញបាន។ លើសពីនេះ ផ្នែកខ្លះនៃភូមិទាំងពីរ បានរងការខូចខាតស្ទើរតែទាំងស្រុង ពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោង ដែលបានកើតមានកាលពីពេលកន្លងទៅ។

អាជ្ញាធរដែនដីបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងអង្គការមនុស្សធម៌ បន្តជួយគាំទ្រផ្នែកស្បៀងអាហារ សុខាភិបាល និងទីជម្រកបណ្តោះអាសន្ន ដល់ប្រជាពលរដ្ឋភៀសសឹក ខណៈកំពុងរង់ចាំការកែលម្អស្ថានការណ៍ និងដំណោះស្រាយ ដើម្បីឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាពឡើងវិញ៕