ថ្មីៗនេះ គណនី YouTube ឈ្មោះ «The Country Collectors» បានបង្ហោះវីដេអូប្រមាណ ២៤ នាទី ដោយមានការបញ្ជាក់ថា “ខ្លួនបានទទួលរងការវាយប្រហារដោយអំពើហិង្សា នៅរមណីយដ្ឋានអង្គរ ប្រទេសកម្ពុជា”។
ពាក់ព័ន្ធរឿងហេតុនេះ អាជ្ញាធរជាតិអប្សរា បានបំភ្លឺសាធារណជនថា ករណីនេះ បានកើតឡើងចាប់ពី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាជម្លោះឯកជន រវាងភ្ញៀវទេសចរជនជាតិអាមេរិក និងភ្ញៀវជនជាតិរុស្ស៊ី មិនពាក់ព័ន្ធជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា។ ការវាយប្រហារមានទីតាំងនៅ ខាងកើតសាលារបាំនៃប្រាសាទតាព្រហ្ម។
ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានចុះជួយសង្គ្រោះបឋម និងបញ្ជូនទៅអង្គភាព នគរបាលទេសចរណ៍ ខេត្តសៀមរាប ដើម្បីសម្របសម្រួល និងដោះស្រាយ។ ភាគីទាំងពីរបានឯកភាពបញ្ចប់បញ្ហានេះតាំងពីថ្ងៃកើតហេតុ។
ភាគីទាំងពីរបានធ្វើការសុំទោស និងសម្តែងការសោកស្តាយចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋកម្ពុជា ចំពោះហេតុការណ៍កើតឡើងនៅទីតាំងប្រាសាទ ដែលជាទីសក្ការៈរបស់ប្រទេសកម្ពុជា។
អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា “សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ក្នុងការការពារទ្រព្យសម្បត្តិបេតិកភណ្ឌ និងធានាសុវត្ថិភាពសម្រាប់ទេសចរ និងប្រជាពលរដ្ឋ”៕




