2026-01-06 07:19
11

ពោធិ៍សាត់៖ ប្រតិបត្តិការសម្អាតសំណល់ប្រេងដែលលេចធ្លាយពីឧបទ្ទវហេតុរថភ្លើងដឹកប្រេងធ្លាក់ផ្លូវ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ កំពុងឈានដល់ដំណាក់កាលជិតបញ្ចប់ ខណៈតំបន់ដែលរងផលប៉ះពាល់កំពុងត្រូវបានស្តារបរិស្ថានឡើងវិញ និងវិលត្រឡប់ទៅរកភាពស្អាតតាមបែបធម្មជាតិ។

ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកបាកាន អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនរ៉ូយ៉ាល់រ៉ែលវេរ បានធ្វើការអន្តរាគមន៍ ទប់ស្កាត់ការបំពុលបរិស្ថានជុំវិញឧឧប្បទ្ទហេតុទូរថភ្លើងធ្លាក់ផ្លូវ នៅភូមិច្រែស ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ កំពុងឈានទៅដល់បញ្ចប់ប្រតិបត្តិការសម្អាតទីតាំងទទួលរងផលប៉ះពាល់និងការស្តារបរិស្ថានឡើងវិញ ។ 

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារបានសហការជាមួយក្រុមហ៊ុន ធ្វើការសម្អាតសំណល់ប្រេង និងស្តារបរិស្ថាននៅទីតាំងទទួលរងផលប៉ះពាល់ ដោយបានកៀរ និងបូមយកសំណល់ប្រេង យកទៅរក្សាទុកដាក់បណ្តោះអាសន្ន នៅស្ថានីយពោធិ៍សាត់ ដើម្បីធ្វើប្រព្រឹត្តកម្មតាមបច្ចេកទេសសុវត្ថិភាពបរិស្ថាន។ 

ក្រុមការងារបានកំពុងបន្តការតាមដានត្រួតពិនិត្យសំណល់ប្រេងដែលអាចមាននៅសេសសល់បន្តិចបន្តួចក្នុងដីបាតរណ្តៅជាប់នឹងដីចំណីផ្លូវរថភ្លើង។ ក្រុមការងារក៏បានកំពុងពិនិត្យលើការដាំរុក្ខជាតិដែលសមស្របទៅតាមស្ថានភាពអេកូឡូស៊ីនៃទីតាំងទទួលរងផលប៉ះពាល់ ដើម្បីធ្វើឱ្យតំបន់មានភាពបៃតង ។  

សូមបញ្ជាក់ថា រថភ្លើងដឹកប្រេងរបស់ក្រុមហ៊ុន «រ៉ូយ៉ាល់ រ៉ែលវេរ» ទិសដៅពីកើតទៅលិច ចេញពីភ្នំពេញឆ្ពោះទៅខេត្តបាត់ដំបង បានក្រឡាប់ធ្លាក់ទូដឹកប្រេងម៉ាស៊ូត ត្រង់ចន្លោះគីឡូម៉ែតលេខ ២០៨-២០៩ ចម្ងាយប្រមាណ ៧០ ម៉ែត្រពីលំនៅដ្ឋានប្រជាជន ក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់។ 

ឧបទ្ទវហេតុនេះ បណ្តាលទដឹកប្រេង ចំនួន ៤ ធ្លាក់ចេញពីរថភ្លើង ក្នុងនោះទូផ្ទុកប្រេង ចំនួន ៣ ទទួលរងការខូចខាត និងបណ្តាលមានប្រេងហៀរចេញ ប្រមាណ ៣០០០០ លីត្រ។ ប្រេងដែលបានលេចជ្រៀបចេញពីទូរថភ្លើងទាំងនេះ ត្រូវបានប្រជាពលរដ្ឋបានដួសយកទៅប្រើប្រាស់មួយចំនួន និងនៅសល់ខ្លះតាមបណ្តោយ ដីចំណីផ្លូវរថភ្លើងទំហំប្រមាណ  ៦០០០ ម៉ែត្រការ៉េ។ 

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ក្រុមការងារចុះទៅពិនិត្យនិងធ្វើការសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការបំពុលនៅកន្លែងកើតហេតុភ្លាមៗ។ កន្លងមកក្រុមការងារក្រសួងបរិស្ថាន បាន បានចាត់វិធានការទប់ស្កាត់ការសាយភាយសំណល់ប្រេង ការសម្អាតប្រេង ការត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋ ដែលអាចទទួលរងផលប៉ះពាល់ ដោយសារការដួសសំណល់ប្រេងទៅប្រើប្រាស់។ ក្រុមការងារបានសហការជាមួយភាគីពាក់ព័ន្ធ និងជាមួយក្រុមហ៊ុន រៀបចំការសម្អាតសំណល់ប្រេង រួមមានការបូប ការកាយយកដីប្រឡាក់ប្រេងចេញ និងការប្រើប្រាស់ចំបើង ដើម្បីបឺតយកសំណល់ប្រេង នៅទីតាំងដីចំណីផ្លូវរថភ្លើង។ 

ជាបន្តបន្ទាប់ក្រុមហ៊ុនបានប្រមូល វេចខ្ចប់និងទុកដាកចំបើង ដែលមានសំណល់ប្រេងត្រឹមត្រូវ ដើម្បីដឹកជញ្ជូនយកទៅដុតកម្ទេចនៅក្រុមហ៊ុនកំពតស៊ីម៉ង់តិ៍ និងប្រើប្រាស់គ្រឿងចក្រ សម្រាប់បាញ់សម្អាត កាយដីប្រឡាក់ និងបូមយកសំណល់ប្រេងពីដីចំណីផ្លូវរថភ្លើងឱ្យបានស្អាតជាបណ្តើរៗ។ រហូតមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ការសម្អាតសំណល់ប្រេង ឈានទៅបញ្ចប់នៅពេលខាងមុខ។

សូមបញ្ជាក់ថា កន្លងមកក្រសួងបរិស្ថាន បានយល់ចិត្តទុកដាក់ទប់ស្កាត់ការបំពុលបរិស្ថាននៅក្នុងនោះ គឺជំរុញការអនុវត្តច្បាប់ ១០០% ជាពិសេសការទប់ស្កាត់សំណល់រាវបង្ហូរប៉ះពាល់ទៅដល់តំបន់ទឹកសាធារណៈ ស្របតាមអនុសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះសសរស្តម្ភទី១ គឺភាពស្អាត ដែលក្រសួងបរិស្ថាន បានជំរុញសកម្មភាព ដើម្បីភាពស្អាត ក្នុងទឹក លើដី និងលើមេឃ ដើម្បីកម្ពុជាមានភាពស្អាត ប្រជាពលរដ្ឋ និងបរិស្ថានមានសុខភាពល្អ និងកម្ពុជាមានភាពស្អាតលើឆាកអន្តរជាតិ ដែលទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនថែមទៀត៕