លោក ភូ លីវុឌ្ឍ (Phu Leewood) ជនជាតិខ្មែរ និងជាបុគ្គលដែលធ្លាប់ឈរឈ្មោះជាបេក្ខជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ ក្នុងអំឡុងឆ្នាំ២០១៧ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូបការ របស់លោក ដោយអះអាងថា «សង្គ្រាមឈ្លានពានឆ្នាំ២០២៥ បានបញ្ចប់ហើយ នៅឡើយតែសំណងខូចខាត និងការកំណត់ព្រំដែនស្របច្បាប់។ តួលេខបឋម គឺ ៣០០ ពាន់លានដុល្លារ»។
ជាមួយនឹងសារនេះ លោក ភូ លីវុឌ្ឍ ក៏បានភ្ជាប់លិខិតមួយច្បាប់ ផ្ញើទៅកាន់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក អមដោយរបាយការណ៍វាយតម្លៃបឋម ស្តីពីការខូចខាត និងការចំណាយសម្រាប់ការស្តារឡើងវិញក្រោយជម្លោះ។
ក្នុងលិខិតចុះហត្ថលេខា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ លោក ភូ លីវុឌ្ឍ បានបញ្ជាក់ថា លោកសរសេរលិខិតនេះដោយក្តីគោរព និងសរសើរដោយស្មោះស្ម័គ្រ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការទប់ស្កាត់សង្គ្រាមបំផ្លិចបំផ្លាញនៅជុំវិញពិភពលោក និងការជំរុញសន្តិភាព និងស្ថិរភាព រួមទាំងគំនិតផ្តួចផ្តើមក្នុងការបន្ធូរបន្ថយភាពតានតឹងតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ លោកបានលើកឡើងថា គំនិតផ្តួចផ្តើមដ៏ថ្លៃថ្នូរនេះ សមនឹងទទួលបានការទទួលស្គាល់កម្រិតអន្តរជាតិ រួមទាំងពានរង្វាន់ណូបែលសន្តិភាពផងដែរ។
យ៉ាងណាមិញ លោក ភូ លីវុឌ្ឍ បានបញ្ជាក់ថា ការវិវត្តថ្មីៗក្នុងអំឡុងជម្លោះឆ្នាំ២០២៥ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងដ៏មានតម្លៃទាំងនោះ។ លោកអះអាងថា ប្រតិបត្តិការយោធារបស់ភាគីថៃ បានពង្រីកហួសពីព្រំដែន និងចូលជ្រៅទៅក្នុងទឹកដីកម្ពុជា បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ និងការស្លាប់ជនស៊ីវិលជាច្រើន។
តាមការរៀបរាប់ក្នុងលិខិត និងរបាយការណ៍ពាក់ព័ន្ធ មានការទម្លាក់គ្រាប់បែកតាមអាកាស និងការបាញ់ផ្លោង ដែលលាតសន្ធឹងចូលទៅក្នុងទឹកដីកម្ពុជារហូតដល់ប្រហែល ៦០ ម៉ាយ ឬជិត ១០០ គីឡូម៉ែត្រ ប៉ះពាល់ដល់គោលដៅមិនមែនយោធា បង្កឱ្យមានការស្លាប់ និងរបួសជនស៊ីវិល ការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
ទីតាំងរងផលប៉ះពាល់ ត្រូវបានរាយការណ៍ថា រួមមាន មន្ទីរពេទ្យ អគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្ម សាលារៀន ទីសក្ការៈសាសនា វត្តអារាម ប្រាសាទ និងតំបន់ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក។
លោក ភូ លីវុឌ្ឍ បន្ថែមថា ភស្តុតាងពាក់ព័ន្ធនឹងហេតុការណ៍ទាំងនេះ ត្រូវបានកត់ត្រាទុក និងអាចរកបានតាមប្រភពផ្លូវការជាច្រើន រួមទាំងតាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។
តាមការវាយតម្លៃបឋម ការចំណាយសម្រាប់ការកសាង និងការស្តារឡើងវិញក្រោយជម្លោះ ត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល ៣០០ ពាន់លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីទំហំនៃការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និងសេវាសាធារណៈសំខាន់ៗ។
ក្នុងន័យនេះ លោក ភូ លីវុឌ្ឍ បានស្វាគមន៍ និងស្នើសុំការណែនាំពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក អំពីក្រុមហ៊ុនអាមេរិកដែលមានបទពិសោធ និងជំនាញច្បាស់លាស់ ក្នុងការស្តារឡើងវិញក្រោយជម្លោះទ្រង់ទ្រាយធំ និងការស្តារហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសំខាន់ៗទាំងនេះនៅក្នុងប្រទេសកម្ពុជា។
តាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានឱ្យដឹងថា ទាហានថៃ បាននិងកំពុងបន្តបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅលើទឹកដីកម្ពុជាឥតឈប់ឈរ។
ការបំផ្លិចបំផ្លាញនេះបានធ្វើឡើងដោយការវាយប្រហារសំដៅគោលដៅស៊ីវិលកាលពីក្នុងអំឡុងសង្គ្រាមពេញបន្ទុកចន្លោះពីថ្ងៃទី០៧ ដល់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ផង និងបន្តបំផ្លាញដោយកម្លាំងគ្រឿងចក្រ និងកម្លាំងមនុស្សក្រោយពេលបទឈប់បាញ់ចូលជាធរមាន។
លើសពីនេះ ទាហានថៃថែមទាំងបានព័ទ្ធយកដីធ្លី និងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរជាច្រើន ហើយបាននិងកំពុងបំផ្លាញចោលជាបន្តបន្ទាប់ និងបានលួច ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរយ៉ាងអនាធិបតេយ្យបំផុត។
អំពើនេះបានធ្វើឱ្យបាត់បង់ និងខូចខាតធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការរាំងស្ទះដល់ការវិលត្រឡប់វិញរបស់ជនស៊ីវិលភៀសសឹកទៅកាន់លំនៅឋានរបស់ពួកគេវិញ ដែលផ្ទុយពីស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចទី៤។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះសកម្មភាពបំពានច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ និងអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រមទាំងអំពើប្លន់យកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរពីសំណាក់ទាហានថៃ និងទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពយោធាប្រកបដោយអរិភាពបែបនេះ និងសូមភាគីថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕




