ទីបំផុត អតីតអភិបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក នុត សោភ័ណ្ឌ ត្រូវបានសាលាដំបូងខេត្តព្រះវិហារ សម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងព្រហ្មទណ្ឌប្រព្រឹត្តបទល្មើស៖ «ប្រទូសកេរខ្មាស់» លើកូនចៅក្នុងអំឡុងពេលកាន់អំណាច។
ជនត្រូវចោទឈ្មោះ នុត សោភ័ណ្ឌ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីចូលនិវត្តន៍ អតីតអភិបាលស្រុកត្បែងមានជ័យ មានទីកន្លែងកំណើត នៅភូមិត្រពាំងស្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្ននៅភូមិដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទៈប្រទូសកេរខ្មាស (ស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅក្នុងសាលាស្រុក ត្បែងមានជ័យ ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៤៧ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ជនជាប់ចោទ ឈ្មោះ នុត សោភ័ណ្ឌ កាលកាន់តំណែងជាអភិបាលស្រុកត្បែងមានជ័យ បានធ្វើសកម្មភាពឡែបខាយពាក្យសម្តីលួងលោមសុំស្នេហ៍ពីកូនចៅជាមន្ត្រីបម្រើការងារក្នុងសាលាស្រុក ដើម្បីរួមមេត្រី និងបានបៀតបៀនកេរ្តខ្មាស ប៉ុន្តែត្រូវបានជនរងគ្រោះបដិសេធ និងបានប្តឹងលោកទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងទាមទាសំណង ១០០ លានរៀន។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោកនុត សោភ័ណ្ឌ អតីតអភិបាលស្រុកត្បែងមានជ័យ អំឡុងខែកក្កដា ឆ្នាំ ២០២៥ ធ្លាប់បានបដិសេធថា «មិនពិតទេវាជាការលាបពណ៌លើរូបលោក» ហើយក្រសួងមហាផ្ទៃ បានចុះមកធ្វើអធិការកិច្ច និងស្រាវជ្រាវរយៈពេល ៣ថ្ងៃ ពីថ្ងៃទី ៧ ដល់ទី ៩ កក្កដា ពោល គឺនៅសាលាស្រុក ២ថ្ងៃ និងនៅសលាខេត្ត ១ថ្ងៃ។ បណ្តឹងនេះ ក៏ស្ថិតនៅក្នុងសាលាដំដូងខេត្តដែរ។ លោកក៏បញ្ចាក់ថា «ការប្តឹងនេះ គឺមកពីគេចង់បានលុយដូរឡានប៉ុណ្ណោះ»។
បច្ចុប្បន្ន អតីតអភិបាលល្មោភកាម ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ ដើម្បីរងចាំចំណាត់ការតាមផ្លូវច្បាប់៕




