ពោធិ៍សាត់៖ តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅក្នុងខេត្តពោធិ៍សាត់ សកម្មភាពរំលោភបំពានធ្ងន់ធ្ងរពីសំណាក់កម្លាំងយោធាថៃ ដែលបានចូលកាត់សោ និងគាស់ផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឲ្យមានការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិជាច្រើន។
ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា កម្លាំងយោធាថៃបានចូលទៅក្នុងលំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០៨ ខ្នង រួចប្រមូលយកសម្ភារៈមានតម្លៃ រួមមាន ម៉ូតូ ០៤ គ្រឿង និងរម៉កដឹកសំរាមរបស់ភូមិ ចំនួន ០២ គ្រឿង ដែលជាសម្ភារៈសាធារណៈសម្រាប់បម្រើសហគមន៍មូលដ្ឋាន។
សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិប្រជាពលរដ្ឋស៊ីវិល ក៏ដូចជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិបទជម្លោះប្រដាប់អាវុធ ដែលហាមឃាត់យ៉ាងតឹងរឹងនូវការបំផ្លិចបំផ្លាញ និងការលួចយកទ្រព្យសម្បត្តិរបស់ប្រជាជន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃស្តីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតត្រឹមម៉ោង ០៦ ល្ងាច ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល គិតចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ ៣២៣ ខ្នង, អគារស៊ីវិលឯកជន ០៧, អគារស្នាក់នៅសណ្ឋាគារ ០៥, ស្ថានីយ៍ប្រេង ០៣, ផ្សារឯកជន ០១, រថយន្ត ៣៣គ្រឿង, ម៉ូតូ ០៥ គ្រឿង, លានទិញដំឡូង ០១, អគារឃ្លាំងទំនិញ ០១, បង្គោលអង់តែនទូរសព្ទ ០២, ជង្រុកស្រូវ ០១ និងសត្វពាហនៈ សត្វព្រៃ ០២ ក្បាល។
ដោយឡែក ចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន ២៥, មណ្ឌលសុខភាព ០៧, សំណង់អគារ ៣៩, វត្តអារាម ០៦, សាលាឆទាន ០១, រូបសំណាក ០១, រថយន្ត ០១ គ្រឿង, ប្រាសាទបុរាណ ០៤, ស្ពាន ០៥, ផ្សារ ០១, ផ្លូវ ០៤ ខ្សែ និងប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ០១ទីតាំង។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កំពុងប្រមូលព័ត៌មាន និងភស្តុតាងពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងរាយការណ៍ទៅស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះផងដែរ អាជ្ញាធរកម្ពុជា បានអំពាវនាវឲ្យភាគីពាក់ព័ន្ធគោរពច្បាប់អន្តរជាតិ និងបញ្ឈប់រាល់សកម្មភាពណាដែលប៉ះពាល់ដល់សុវត្ថិភាព និងសិទ្ធិប្រជាពលរដ្ឋស៊ីវិល៕






