ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអនុវត្តគម្រោងសំខាន់ចំនួនពីរ។
គម្រោងទី១ គឺ គម្រោងសមាហរណកម្មការបោសសម្អាតគ្រាប់មីន និងសង្គ្រោះជនពិការ ដោយសារគ្រាប់មីន (ដំណាក់កាលទី៣) ដែលទទួលបានទឹកប្រាក់ហិរញ្ញប្បទានឥតសំណងចំនួន ១.៧០០.០០០.០០០ យ៉េន ស្មើប្រមាណ ១១.៣ លានដុល្លារអាម៉េរិក។ គម្រោងនេះមានគោលបំណងបន្តជួយកម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន កាត់បន្ថយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពជីវិតរបស់ជនរងគ្រោះ និងជនពិការ។
គម្រោងទី២ គឺ គម្រោងជំនួយម៉ាស៊ីនស្កែនកុងតឺន័រ នៅចំណតកុងតឺន័រថ្មី កំពង់ផែក្រុងព្រះសីហនុ ដែលទទួលបានទឹកប្រាក់ចំនួន ១.១៤២.០០០.០០០ យ៉េន ស្មើប្រមាណ ៧.៦ លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលដៅពង្រឹងសុវត្ថិភាព ការត្រួតពិនិត្យទំនិញ និងប្រសិទ្ធភាពនៃការគ្រប់គ្រងពាណិជ្ជកម្ម តាមច្រកទ្វារសមុទ្រដ៏សំខាន់បំផុតរបស់កម្ពុជា។
ហិរញ្ញប្បទានឥតសំណងទាំងនេះ បង្ហាញពីការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់ប្រទេសជប៉ុន ចំពោះដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ដោយផ្តោតលើកំណើនប្រកបដោយចីរភាព សុវត្ថិភាពមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច។
ជាមួយគ្នានេះ ការចុះហត្ថលេខាលើលិខិតប្តូរសារនាពេលនេះ ក៏ត្រូវបានចាត់ទុកថា ជាសក្ខីភាពបន្ថែមនៃ ការធ្វើឱ្យកាន់តែស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលកំពុងរីកចម្រើនយ៉ាងរឹងមាំ និងមានអត្ថប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕




_1768229068.jpg)




