2026-01-23 12:41
22

ភ្នំពេញ៖ លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឲ្យដឹងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមច្បាប់ប្រឆាំងអំពើពុករលួយ ត្រូវអនុវត្តតាមទម្រង់ចេញឆ្នាំ ២០១២ ដែលកំណត់ដោយសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងកំណត់ច្បាស់ពីបុគ្គលមានកាតព្វកិច្ចត្រូវប្រកាស និងនីតិវិធីអនុវត្ត។

លោកបានបញ្ជាក់ថា ចំណុចត្រូវប្រកាសរួមមាន៖ អចលនទ្រព្យដូចជាដីធ្លី អគារ លំនៅដ្ឋាន ប្រភេទយានយន្ត និងគ្រឿងចក្រ ទ្រព្យសម្បត្តិដែលងាយដោះដូរជាសាច់ប្រាក់ រួមមានគ្រឿងអលង្ការ និងនាឡិកាដៃដែលមានតម្លៃចាប់ពី ៤ លានរៀលឡើងទៅ សកម្មភាពអាជីវកម្ម-ពាណិជ្ជកម្ម ការប្រកាសអំពីប្រាក់ ការប្រកាសអំពីបំណុល និងការប្រកាសអំពីចំណូល។

 

លោក ញីវ បញ្ញារិទ្ធ ក៏បានឲ្យដឹងបន្ថែមថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ក្រសួង-ស្ថាប័នចំនួន ២ បានបញ្ចប់ការប្រកាសទាំងស្រុង ១០០ ភាគរយ មាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអាជ្ញាធរសវនកម្មជាតិ។ ចំណែកនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ខេត្តព្រៃវែង និងក្រសួងយុត្តិធម៌ ក៏បានបញ្ចប់ការប្រកាស ១០០ ភាគរយដូចគ្នា។

 

គិតត្រឹមម៉ោង ១១ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសពីអ្នកជាប់កាតព្វកិច្ចនៅទូទាំងប្រទេស ចំនួន ១៨,២៥៤ រូប ស្មើនឹង ៩១.៧៨ ភាគរយ នៃចំនួនត្រូវប្រកាសសរុប ១៩,៨៨៧ រូប។

សម្រាប់ការទទួលឯកសារតាមរបប ២ ឆ្នាំ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងបន្តទទួលឯកសារ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ ពីម៉ោង ០៨:០០ ព្រឹក ដល់ម៉ោង ០៥:០០ ល្ងាច។

ព័ត៌មានលម្អិតអំពីទម្រង់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចទាញយកបានតាមគេហទំព័រអង្គភាពប្រឆាំងអំពើពុករលួយ www.acu.gov.kh ឬស្កែន QR Code ដើម្បីទាញយកទម្រង់ឯកសារជាផ្លូវការ៕