លោកថ្លែងថា៖ «សូមអ្នកប្រើប្រាស់បណ្តាញសង្គមដែលឃើញករណីនេះ សូមជួយប្រាប់ទៅយុវជនម្នាក់នោះឱ្យទាក់ទងមកលេខ១២៩៧ ឬផ្តល់ព័ត៌មានអំពីយុជននោះមកក្រសួង ដើម្បីក្រសួងការងារជួយសម្របសម្រួលរកការងារឱ្យធ្វើឱ្យបានលឿនរហ័សទៅតាមចំណេះជំនាញរបស់គាត់ ប៉ុន្តែបើសិនណាជាគាត់មិនទាន់មានជំនាញទេនោះ ក្រសួងនឹងជួយឱ្យគាត់បានរៀនជំនាញ ដែលគាត់ចង់រៀនដើម្បីធានាថាគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុ្ងការបំពេញការងារ»។
ការអំពាវនាវរបស់អ្នកនាំពាក្យក្រសួងការងារ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានចែករំលែកអំពីព័ត៌មានយុវជនមួយរូបអាយុ១៦ឆ្នាំ បានមកលុតជង្គង់តាមផ្លូវម្នាក់ឯងដោយសារតែមករកការងារធ្វើនៅភ្នំពេញពុំទាន់បាន កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។
បើតាមលោកស៊ុន មេសា ការយកចិត្តទុកដាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មិនមែនជួយតែយុវជនមួយរូបនោះទេ ពោលគឺ យុវជន និងអ្នកកំពុងស្វែងរកការងារធ្វើផ្សេងៗទៀត ក៏ក្រសួងរង់ចាំជួយសម្របសម្រួលក្នុងការស្វែងរកការងារធ្វើឱ្យបានលឿនរហ័សផងដែរ។
ជាថ្មីម្តងទៀត អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន អតីតពលករមកពីប្រទេសថៃ ឬអ្នកកំពុងស្វែងរកការងារធ្វើទាំងអស់ សូមឱ្យទាក់ទងមកលេខ ១២៩៧ ឬទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) តាមរយៈលេខ ០៧៧ ២៣២ ៣៧៨ និងតេលេក្រាម ០១៦ ៧៨៦ ៦៥៥ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ដើម្បីឱ្យមន្ត្រីក្រសួងជួយស្វែងរកការងារជូន៕



