ភ្នំពេញ៖ វត្តមានជើងហោះហើរត្រង់ពីប្រទេសរុស្ស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានរំពឹងថានឹងជួយជំរុញយ៉ាងខ្លាំងដល់កំណើនភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី ព្រមទាំងពីបណ្តាសហគមន៍និយាយភាសារុស្ស៊ីដទៃទៀត មកកាន់ប្រទេសកម្ពុជា ក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជាកំពុងស្ដារឡើងវិញ និងពង្រីកទីផ្សារអន្តរជាតិ។
ការបញ្ជាក់នេះត្រូវបានលើកឡើងក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House រួមជាមួយដៃគូវិនិយោគក្នុងស្រុក ក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ អគ្គនាយិកា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគពីរុស្ស៊ី និងសហគមន៍និយាយភាសារុស្ស៊ីមកកាន់កម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនេះ ភាគីវិនិយោគិនរុស្ស៊ី និងកម្ពុជាបានជម្រាបជូនអំពីសកម្មភាពរបស់ក្រុមហ៊ុន ក្នុងការផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនអន្តរជាតិ ជាពិសេសអតិថិជនពីរុស្ស៊ី និងសហគមន៍និយាយភាសារុស្ស៊ី ដែលមានចំនួនកើនឡើងជាបន្តបន្ទាប់ និងបង្ហាញការចាប់អារម្មណ៍ខ្លាំងចំពោះប្រទេសកម្ពុជា។
ភាគីវិនិយោគិនបានលើកឡើងថា កម្ពុជាមានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនមានភាពរួសរាយរាក់ទាក់។ ដើម្បីឆ្លើយតបនឹងតម្រូវការនេះ ក្រុមហ៊ុនទាំងពីរបានរៀបចំយុទ្ធសាស្ត្រថ្មីៗ ជាពិសេសលើលទ្ធភាពបង្កើតជើងហោះហើរត្រង់ពីរុស្ស៊ីមករាជធានីភ្នំពេញ ឬគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា។
ជាមួយគ្នានេះ ភាគីវិនិយោគិនអន្តរជាតិ ក៏បានជម្រាបដំណឹងវិជ្ជមានថា ប្រទេសជាសមាជិក BRICS នឹងបើក BRICS House នៅកម្ពុជា ដែលរំពឹងថានឹងជួយបង្កើនលំហូរវិនិយោគដោយផ្ទាល់ចូលមកប្រទេសកម្ពុជាបន្ថែមទៀត។ លោក Vladimir Palancica ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិខ្នាតធំ នៅទីក្រុងម៉ូស្គូ នាពេលខាងមុខផងដែរ។
ឆ្លើយតបនឹងសំណើ និងគំនិតផ្តួចផ្តើមនេះ លោក ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជួយលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងបានបញ្ជាក់ពីការចូលរួមរបស់ក្រសួងទេសចរណ៍ ក្នុងពិព័រណ៍ Moscow International Travel and Tourism Exhibition (MITT) នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានគាំទ្រ និងផ្តល់អនុសាសន៍បន្ថែម ដើម្បីឲ្យគម្រោងបង្កើតជើងហោះហើរត្រង់ និងកិច្ចសហប្រតិបត្តិការនេះ អាចអនុវត្តបានជាក់ស្តែង ប្រកបដោយជោគជ័យ និងមានចីរភាព ដែលនឹងរួមចំណែកបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី មកកាន់កម្ពុជានាពេលអនាគត៕









