តាមសេចក្តីប្រកាសរបស់អ្នកជម្រះបញ្ជី ការលក់កញ្ចប់ឥណទាននេះ នឹងអនុវត្តតាមនីតិវិធីចរចាលើលក្ខខណ្ឌវិជ្ជាជីវៈ និងការដេញថ្លៃ (Bidding) ប្រកបដោយតម្លាភាព និងស្របតាមបទប្បញ្ញត្តិជាធរមាន។ គោលបំណងសំខាន់គឺដើម្បីរំលាយទ្រព្យសកម្មរបស់ធនាគារ ព្រីនស៍ ម.ក ទៅជាសាច់ប្រាក់ និងបន្តដំណើរការជម្រះបញ្ជីឲ្យបានប្រសិទ្ធភាព។
អ្នកជម្រះបញ្ជីបានអញ្ជើញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានចំណាប់អារម្មណ៍ចូលរួមដេញថ្លៃ ដាក់លិខិតបង្ហាញចំណាប់អារម្មណ៍ (Letter of Interest) មកការិយាល័យអ្នកជម្រះបញ្ជី ស្ថិតនៅទីស្នាក់ការកណ្ដាលនៃធនាគារ ព្រីនស៍ អគារលេខ ៤៤៥ ជាន់ទី១ ផ្លូវព្រះមុនីវង្ស កែងផ្លូវ ២៣២ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 076 345 45 92 យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ជាមួយគ្នានេះផងដែរ អ្នកជម្រះបញ្ជីក៏បានជម្រាបជូនដំណឹងដល់អតិថិជនដែលបានខ្ចីប្រាក់ពីធនាគារ ព្រីនស៍ ម.ក ថា ការលក់កញ្ចប់ឥណទាននេះ គឺជាផ្នែកមួយនៃដំណើរការជម្រះបញ្ជីប៉ុណ្ណោះ ហើយអតិថិជនត្រូវបន្តអនុវត្តកាតព្វកិច្ចបង់ប្រាក់កម្ចីស្របតាមច្បាប់ និងកិច្ចសន្យាឥណទានដដែល។
អ្នកជម្រះបញ្ជីបានបញ្ជាក់ថា រាល់ទ្រព្យបញ្ចាំ និងឯកសារពាក់ព័ន្ធនឹងកម្ចីទាំងអស់ នឹងត្រូវរក្សាទុកដោយសុវត្ថិភាព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់៕



