ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែល លោក គីម ឆាងយ៉ុង (KIM CHANGYONG) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។
សម្តេចប្រធានរដ្ឋសភាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូតកូរ៉េ និងបានបញ្ជាក់ថា ជាមួយបទពិសោធន៍ទូលំទូលាយ និងឆន្ទៈដ៏មោះមុត បេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងទទួលបានជោគ ជ័យ និងនាំមកនូវសមិទ្ធផលថ្មីៗ ដែលរួមចំណែកធ្វើឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កូរ៉េ កាន់តែជិតស្និទ្ធ រឹងមាំ ស៊ីជម្រៅ និងទូលំទូលាយ។
សម្តេចបានគូសបញ្ជាក់ថា “ភាពជាដៃគូយុទ្ធសាស្រ្ត” រវាងប្រទេសទាំងពីរ ផ្អែកលើការជឿទុកចិត្ត ការគោរព និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងសងខាង។ សម្តេចក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមស្វែងរកសន្តិភាព និងគាំទ្រការអភិវឌ្ឍរបស់កម្ពុជារហូតមក។
ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភាបានស្នើឲ្យភាគីកូរ៉េ បន្តជំរុញអ្នកវិនិយោគ និងអ្នកទេសចរមកកម្ពុជាបន្ថែមទៀត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ អប់រំ និងទេសចរណ៍។ សម្តេចក៏បានស្នើឲ្យសាធារណរដ្ឋកូរ៉េជួយផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដល់មន្ត្រីរដ្ឋសភា និងបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជាបន្ថែមទៀត។
សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកកត្តា “មនុស្ស” ជាកត្តាសំខាន់បំផុតក្នុងយុទ្ធសាស្ត្របបញ្ចកោណ ដំណាក់កាលទី១ ដើម្បីលើកកម្ពស់ការកែទម្រង់ និងអភិបាលកិច្ច។
ជាផ្នែករបស់ខ្លួន លោក គីម ឆាងយ៉ុង បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា និងបានជម្រាបអំពីគម្រោងអភិវឌ្ឍន៍ជាច្រើនដែលសាធារណរដ្ឋកូរ៉េ កំពុងសហការជាមួយកម្ពុជា តាមរយៈកម្មវិធី ODA។ លោកបានវាយតម្លៃខ្ពស់ចំពោះការបង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យារបស់កម្ពុជា ដែលបានបង្កើនទំនុកចិត្តដល់ពលរដ្ឋកូរ៉េក្នុងការធ្វើដំណើរមកកម្ពុជា។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េត្រៀមខ្លួនជួយកម្ពុជាក្នុងការកសាងសមត្ថភាពប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមអនឡាញ ហើយបានស្នើឲ្យរដ្ឋសភាកម្ពុជាគាំទ្របេក្ខជនពីសភាកូរ៉េ សម្រាប់តំណែងអគ្គលេខាធិការ អង្គការសហភាពអន្តរសភា (IPU) អាណត្តិថ្មី។
ក្នុងឱកាសដដែលនេះ ឯកអគ្គរដ្ឋទូតកូរ៉េ បានសម្តែងការអាណិតអាសូរចំពោះប្រជាពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ ហើយបានប្រកាសថា សាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយជាទឹកប្រាក់ ៥០ ម៉ឺនដុល្លារ តាមរយៈអង្គការ UNICEF ដើម្បីជួយដោះស្រាយផលវិបាក។
សម្តេចប្រធានរដ្ឋសភាបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សាធារណរដ្ឋកូរ៉េ និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការតឹងរឹងបំផុតក្នុងការបង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមបច្ចេកវិទ្យាគ្រប់ប្រភេទ។
រដ្ឋសភាកម្ពុជាក៏បានបញ្ជាក់ការគាំទ្រចំពោះសំណើរបស់ភាគីកូរ៉េ ក្នុងការដាក់បេក្ខភាពជាអគ្គលេខាធិការ IPU អាណត្តិថ្មីផងដែរ៕










