កិច្ចសហការនេះ ផ្ដោតសំខាន់លើការរៀបចំកម្មវិធីសិក្សាថ្មី ការអនុវត្តកម្មវិធីត្រឡប់ទៅឧស្សាហកម្មវិញ (RIS) និងការផ្ដល់ឱកាសដល់សិស្ស-និស្សិតចុះកម្មសិក្សា និងហាត់ការផ្ទាល់ និងឱកាសការងារនៅក្រុមហ៊ុន។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបញ្ជូនអ្នកបច្ចេកទេសមកធ្វើជាគ្រូឧទ្ទេស (Guest Lecture) ដើម្បីចែករំលែកបទពិសោធន៍និងបច្ចេកវិទ្យាថ្មីៗដែលកំពុងមានវត្តមាននៅលើទីផ្សារ ព្រមទាំងការបណ្ដុះបណ្ដាលបំពាក់ជំនាញបន្ថែម (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់បុគ្គលិក និងតម្រង់ទិសដល់សិស្សានុសិស្ស។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសក្ខីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខានេះ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ហត្ថលេខីនៃ MoU នេះ រួមមាន លោក ជិន តារ៉ា នាយកវិទ្យាស្ថាន ITI និងឧកញ៉ា គង់ នួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន តូយ៉ូតា។
នាឱកាសនោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជនដែលជាដៃគូមិនអាចខ្វះបាន ក្នុងការកសាងមូលធនមនុស្សដែលមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ និងមនសិការវិជ្ជាជីវៈ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ និងឱកាសការងារល្អៗនៅក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្តដែលកំពុងមានសន្ទុះរីកចម្រើនខ្លាំង៕








