2026-01-23 19:33
8

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ការតវ៉ារបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ត្រូភីខល ហ៊្រ្វូត អេស៊ា (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវបានដោះស្រាយយ៉ាងលឿនរហ័សឈានដល់ការសះជាទាំងស្រុង នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ក្រោមការយកចិត្តទុកដាក់ និងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យរូបនេះ បានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ទាំងស្រុង ហើយកម្មករក៏នឹងវិលចូលបម្រើការងារនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជាធម្មតាឡើងវិញ»។

ក្រោយការពិភាក្សា និងសម្របសម្រួលភាគីទាំងពីរ បានឯកភាពគ្នាស្រុះស្រួល ចំនួន ០៥ ចំណុច ដែលរួមមានការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្តាហ៍ដោយប្តូរវេនគ្នា និងការឯកភាពលើកកម្ពស់លក្ខណ្ឌការងារកាន់តែល្អប្រសើរបន្ថែមទៀត។

ការដោះស្រាយដ៏លឿនរហ័សនិងមានប្រសិទ្ធភាពរបស់ក្រសួងការងារ ចំពោះកម្មករកម្មការិនីយ៉ាងដូច្នេះ ត្រូវបានអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អះអាងថាគឺជាកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករនិយោជិត៕