2026-01-25 09:55
17

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តកណ្ដាល បានបង្រ្កាបករណីបន្លំដូរមាសក្លែងក្លាយ យកមាសពិតប្រាកដ ចំនួន ០៣ ករណី និងឃាត់ខ្លួនជនសង្ស័យ ០២នាក់ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។

 

ប្រតិបត្តិការនេះ ត្រូវបានអនុវត្តដោយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពីធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់ លើករណីបន្លំដូរមាសក្លែងក្លាយជាបន្តបន្ទាប់នៅតាមហាងលក់មាសមួយចំនួន។

តាមការបញ្ជាក់របស់សមត្ថកិច្ច ករណីទី១ កើតឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅតូបលក់មាស «ម៉ាក់លីផេង» ក្នុងផ្សារបឹងទំពន់ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលជនសង្ស័យបានបន្លំដូរមាសក្លែងក្លាយ យកបានខ្សែកទម្ងន់ ២ជីកន្លះ។ ករណីទី២ កើតឡើងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅហាងលក់មាស «ហេងមានលាភ» សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ យកបានខ្សែកទម្ងន់ ២តម្លឹង និងករណីទី៣ កើតឡើងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅហាងមាសមួយក្នុងបុរី ជីប ម៉ុង ផ្លូវលេខ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ យកបានខ្សែកទម្ងន់ ២តម្លឹង។

ក្រោយពេលស្រាវជ្រាវ សមត្ថកិច្ចបានចូលឃាត់ខ្លួនជនសង្ស័យនៅផ្ទះជួលមួយកន្លែង ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនសង្ស័យទាំង ២នាក់ ជាជនជាតិវៀតណាម រួមមាន ស្ត្រីម្នាក់ អាយុ ៥៦ឆ្នាំ និងបុរសម្នាក់ អាយុ ៣៧ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន លោហៈធាតុពណ៌លឿងស្លេក (មាសក្លែងក្លាយ) ចិញ្ចៀន ១៤វង់ ខ្សែក ២៨ខ្សែ និងខ្សែដៃ ៣ខ្សែ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕