2026-01-25 12:22
43

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តវិធានការការពារខ្លួន ពីហានិភ័យនៃការឆ្លងវីរុសនីប៉ាហ៍ (Nipah Virus) ដែលជាជំងឺឆ្លងគ្រោះថ្នាក់ខ្លាំង និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន។

តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល វីរុសនីប៉ាហ៍ គឺជាវីរុសដែលឆ្លងពីសត្វទៅមនុស្ស និងអាចឆ្លងពីមនុស្សទៅមនុស្សបានផងដែរ។ ប្រភពសំខាន់នៃការឆ្លង មានដូចជា សត្វកណ្ដុរហោះ (bat) សត្វជ្រូក ឬតាមរយៈការបរិភោគអាហារ និងភេសជ្ជៈដែលបំពុលដោយមេរោគនេះ ជាពិសេសទឹកផ្លែឈើឬទឹកត្នោតស្រស់ ដែលត្រូវបានសត្វកណ្ដុរហោះបំពុល។

ក្រសួងបានបញ្ជាក់ថា អ្នកឆ្លងវីរុសនីប៉ាហ៍ អាចមានរោគសញ្ញាដូចជា គ្រុនក្តៅ ឈឺក្បាល វង្វេងស្មារតី ឈឺបំពង់ក ក្អួត និងអាចវិវឌ្ឍទៅជាជំងឺរលាកខួរក្បាល ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលអាចនាំឲ្យស្លាប់ក្នុងអត្រាខ្ពស់។

ដើម្បីការពារខ្លួនពីហានិភ័យនៃការឆ្លងវីរុសនេះ ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋអនុវត្តវិធានការសំខាន់ៗ រួមមាន៖

  • ជៀសវាងការបរិភោគផ្លែឈើដែលមានស្នាមខាំ ឬធ្លាក់ចុះពីដើមដោយមិនបានលាងស្អាត
  • មិនគួរផឹកទឹកត្នោតស្រស់ ឬភេសជ្ជៈដែលមិនបានគ្របដណ្តប់អនាម័យ
  • ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វកណ្ដុរហោះ សត្វជ្រូក ឬសត្វដែលមានអាការៈឈឺ
  • លាងដៃជាញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត
  • ប្រសិនបើមានរោគសញ្ញាគួរឲ្យសង្ស័យ បន្ទាន់ទៅពិគ្រោះវេជ្ជបណ្ឌិត ឬមន្ទីរពេទ្យជិតបំផុត

ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យអាជ្ញាធរ និងមន្ទីរសុខាភិបាលតាមមូលដ្ឋាន បន្តពង្រឹងការផ្សព្វផ្សាយចំណេះដឹងសុខាភិបាល និងការត្រួតពិនិត្យសុខភាពសត្វ និងមនុស្ស ដើម្បីទប់ស្កាត់ការចម្លងជំងឺឆ្លងគ្រោះថ្នាក់នេះឲ្យមានប្រសិទ្ធភាព។

ក្រសួងបានបញ្ចប់ថា ការយកចិត្តទុកដាក់ និងការអនុវត្តវិធានការការពារខ្លួនយ៉ាងត្រឹមត្រូវ គឺជាគន្លឹះសំខាន់ក្នុងការពារសុខភាពសាធារណៈ និងកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសនីប៉ាហ៍នៅក្នុងសង្គម៕