2026-01-25 10:42
24

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីឆបោកប្រាក់ ក្រោមរូបភាពក្លែងបន្លំជាអ្នកបកប្រែ នៅមន្ទីរពេទ្យក្រៅប្រទេស និងបង្ខំឲ្យជនរងគ្រោះផ្ទេរប្រាក់តាមគណនីធនាគារ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ កន្លងមក។

ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជាដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំរបស់ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ករណីនេះ ជនសង្ស័យបានក្លែងបន្លំជាអ្នកបកប្រែ នៅមន្ទីរពេទ្យក្រៅប្រទេស ដើម្បីទាក់ទងជនរងគ្រោះ ដែលជាអ្នកជំងឺទៅព្យាបាលនៅក្រៅប្រទេស ហើយឆបោកឲ្យផ្ទេរប្រាក់តាមគណនីធនាគារ ក្រោមហេតុផលថ្លៃព្យាបាល និងសេវាកម្មពាក់ព័ន្ធ។

ក្រោយការស្រាវជ្រាវយ៉ាងម៉ត់ចត់ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ ឈ្មោះ ជ.ល.ណ ភេទស្រី ជនជាតិខ្មែរ។ តាមការស៊ើបអង្កេត បានកំណត់ថា ជនសង្ស័យបានប្រើគណនីធនាគាររបស់ខ្លួន ដើម្បីទទួលប្រាក់ពីជនរងគ្រោះ និងទទួលផលពីអំពើទុច្ចរិតខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវ និងក្រើនរំលឹកដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេលទៅព្យាបាលជំងឺនៅក្រៅប្រទេស និងប្រើប្រាស់សេវាកម្មបកប្រែ។ មុនធ្វើការទូទាត់ប្រាក់ថ្លៃព្យាបាល សូមពិនិត្យ និងបញ្ជាក់ប្រភពឯកសារ និងគណនីទូទាត់ឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយសារជនខិលខូចក្លែងបន្លំ និងឆបោកតាមប្រព័ន្ធធនាគារ៕