2026-01-26 09:55
10

ព្រះសីហនុ៖ មុខសញ្ញាចែកចាយ និងជាមេក្លោងលក់គ្រឿងញៀនដ៏ធំមួយ នៅភូមិថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលរោងការ បានរត់ទៅស្នាក់នៅផ្ទះខាងស្រី ត្រូវបានកម្លាំងកងរាជវុធហត្ថ សហការគ្នាតាមឃាត់ខ្លួនបានទាំងគូ នៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុងកែប ខេត្តកែប។

ប្រតិបត្តិការនេះ បានអនុវត្តក្រោមការដឹកនាំរបស់ វរសេនីយទោ មៀច ប៊ុនថា មេបញ្ជាការរង កងរាជវុធហត្ថក្រុងកែប ដោយសហការជាមួយ វរសេនីយត្រី ឡុង គឹមហ៊ួរ និងកម្លាំងកងរាជវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៦ កន្លងមកនេះ។

ជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ឆេង ឈិនឡុង ភេទប្រុស អាយុ ៣៣ឆ្នាំ និងឈ្មោះ ហែ សុផាណា ភេទស្រី អាយុ ១៦ឆ្នាំ ដែលជាគូដណ្ដឹងគ្នា មានទីលំនៅនៅភូមិកំពង់ត្រឡាច សង្កាត់ជ្រៃធំ ក្រុងកែប ខេត្តកែប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឆេង ឈិនឡុង គឺជាមុខសញ្ញាសកម្មក្នុងការចែកចាយ និងលក់គ្រឿងញៀន នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ហើយបានគេចខ្លួនមកស្នាក់នៅផ្ទះខាងស្រី ដើម្បីរង់ចាំថ្ងៃរៀបការ តែត្រូវសមត្ថកិច្ចតាមស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនបានជាបន្ទាន់។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ព្រមទាំងវត្ថុតាង និងសម្ភារៈដែលបានដកហូត ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស ខេត្តកែប ធ្វើកំណត់ហេតុប្រគល់ឲ្យទៅកម្លាំងកងរាជវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់៕