2023-07-02 03:07
354


ភ្នំពេញ៖ ក្នងយុទ្ធនាការឃោសនា នីតិកាលទី៧ នៃរដ្ឋភាជាតិ ដើម្បីស្វែងរកការគាំទ្រពីសំណាក់ម្ចាស់ឆ្នោត បានប្រព្រឹត្តទៅតាមការកំណត់របស់ គ.ជ.ប គឺចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២៣ នេះ ដែលមានរយៈពេល ចំនួន ២១ថ្ងៃ ហើយសម្រាប់ថ្ងៃនេះ ជាថ្ងៃទីពីរ នៃការធ្វើយុទ្ធនាការយើងសង្កេតឃើញថា បានដំណើរប្រកបដោយរលួន ត្រឹមត្រូវ តម្លាភាព និងគ្មានការប៉ះទង្គិចណាមួយរវាងអ្នកគាំទ្រគណបក្សនយោបាយណាមួយឡើយ ក្នុងនោះយើងសង្កេតឃើញមានគណបក្ស ចំនួន ០៤ ប៉ុណ្ណោះ ធ្វើសកម្មភាពលេចមុខជាងគេ។ 


តាមរបាយការណ៍របស់ គ.ជ.ប បានឲ្យដឹងថា ស្ថានភាពទូទៅថ្ងៃទីមួយ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមការកំណត់ និងតាមរូបភាពផ្សេងៗគ្នា។ 
សកម្មភាពនៃការធ្វើយុទ្ធនាការនោះ រួមមានជាអាទិ៍ ការជួបជុំ ,ការសម្ដែងសិល្បៈ ,ការហែក្បួនឃោសនា ,ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័ត តាមភូមិ និងការចែកខិត្តបណ្ណជាដើម....។ 
តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាទ្រង់ទ្រាយធំជាង នៅគ្រប់មណ្ឌលបោះឆ្នោតទាំងអស់ ដែលមានអ្នកចូលរួមយ៉ាងកុះករ (រាប់សែននាក់)។ 
ដោយឡែក គណបក្សនយោបាយ មួយចំនួនទៀត ដូចជា៖ គណបក្សខ្មែររួបរួមជាតិ ,គណបក្សខ្មែរឈប់ក្រ និងគណបក្សឯកភាពជាតិខ្មែរ ក៏បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនដែលខ្លួនឈរឈ្មោះបោះឆ្នោតផងដែរ។ 
ជារួមដោយសារមានកិច្ចសហការល្អពីសំណាក់អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច ជាមួយគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងគណបក្សនយោបាយផងនោះ ដំណើរការ ឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន គ្មាន អំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។ 
សូមជម្រាបថា សម្រាប់ថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ គណបក្សប្រជាជនកម្ពុជា បានបន្តធ្វើសកម្មភាពយ៉ាងផុសផុល នៅគ្រប់ភូមិ ឃុំ ស្រុក និងខេត្តទូទាំងប្រទេស ដោយមានអ្នកគាំទ្រចូលរួមយ៉ាងគគ្រឹកគគ្រេង។ 
ដោយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោកយ៉ែល បុញ្ញឫទ្ធិ អនុប្រធាន ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ ផងដែរ។ 
សូមបញ្ជាក់ថា ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ ២០២៣ ខាងមុខនេះ ដូច្នេះ សូមបងប្អូនប្រជាពករដ្ឋដែលមានសិទ្ធបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ជាពិសេសជ្រើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ដើម្បីបន្តការអភិវឌ្ឃន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើន រក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយប្រកបដោយចីរភាព៕