2026-02-01 10:32
7

មើលទៅសភាពការណ៍នៅមជ្ឍិមបូព៌ា មិនងាយបង្រួមមកស្ងប់សុខវិញនោះទេ ក្រោយការបន្ទរសំនៀងស្រែកគម្រាម និងឌឺដងគ្នាមិនឈប់ពីសំណាក់ប្រទេសមហាអំណាចសហរដ្ឋអាមេរិក និងប្រទេសដែលកំពុងបង្កើនការផលិតអាវុធនុយក្លេអ៊ែរ អ៊ីរ៉ង់។ 

ដោយនៅមុននេះ តាមរបាយការណ៍ពី Reuter ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយដោយការមិនពេញចិត្តថា មេដឹកនាំអាមេរិក អ៊ីស្រាអែល និងអឺរ៉ុប កំពុងកេងចំណេញលើបញ្ហាសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ពីបទបង្ករការញុះញង់ឱ្យមានចលាចល និងផ្តល់មធ្យោបាយបំបែកប្រទេសរបស់អ៊ីរ៉ង់ ក្នុងការផ្ដល់គន្លឹះឲ្យប្រជាជននៅទីក្រុងតេអេរ៉ង់បង្កើតការតវ៉ាដោយគ្មានហេតុផល។

សង្គ្រាមពាក្យសម្ដីជាមួយអាមេរិកមិនអស់ចិត្ត មេដឹកនាំទីក្រុងតេអេរ៉ង់ កំពុងបោះសម្ដីរាលដាលដល់ដៃជើងអាមេរិកថែមទៀត ដោយប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយនៅក្នុងការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍រដ្ឋថា មេដឹកនាំអ៊ីស្រាអែល និងអឺរ៉ុប កំពុងព្យាយាមបង្កហេតុ បង្កើតការបែងចែក និងផ្គត់ផ្គង់ធនធាន ដោយទាញមនុស្សស្លូតត្រង់មួយចំនួនរបស់អ៊ីរ៉ង់ ឱ្យចូលរួមក្នុងចលនាបះបោរដោយមិនសមហេតុផល។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រាប់ CNN Turk ក្នុងការចោទអាមេរិកចំៗដោយមិនញញើតមាត់ថា ដើម្បីបង្ក្រាបក្រុមបាតុករ ទីក្រុងតេអេរ៉ង់ បានបង្ហូរឈាមមនុស្សចំនួន ៣.១០០ នាក់ រួមទាំងកងកម្លាំងសន្តិសុខ ២.០០០ នាក់ ត្រូវបានសម្លាប់។ 

ផ្ដើមចេញពីការដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា លោកនឹងគាំទ្រក្រុមបាតុករ ហើយសហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តសម្លាប់បាតុករ។ ចាប់តាំងពីពេលនោះមក សង្គ្រាមពាក្យសម្ដី ការសម្លុតគម្រាម និងការឌឺដងផ្លែផ្កាដាក់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ក៏កើតមានជាមួយគ្នារហូតមកទល់នឹងពេលនេះ ដែលមនុស្សជាតិគ្រប់គ្នា កំពុងដាក់ការព្រួយបារម្ភថា តើអាមេរិកអាចនឹងសម្រេចចិត្តប្រើកម្លាំងយោធាប្រដៅអ៊ីរ៉ង់ពិតប្រាកដដែរឬយ៉ាងណា ខណៈដែល លោក ត្រាំ បានព្រមានអ៊ីរ៉ង់រួចហើយថា ខណៈនេះកម្លាំងនាវាផ្ទុកសព្វាវុធទំនើបៗរបស់អាមេរិកកំពុងលាក់ខ្លួនក្បែរមាត់ទ្វាផ្ទះទីក្រុងតេអេរ៉ង់ហើយនោះ?