2026-02-01 10:42
8

នៅមិនទាន់កាត់សាច់ស្អុយចេញពីប្រទេសអស់ រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសចិន លោក Wang Xiangxi កំពុងត្រូវបានស្ថិតក្រោមការស៊ើបអង្កេតលើការសង្ស័យថា លោកបានរំលោភលើវិន័យ និងច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ នេះបើតាមការបញ្ជាក់របស់អង្គការឃ្លាំមើលអំពើពុករលួយកាលពីថ្ងៃសៅរ៍ ខណៈដែលការបោសសម្អាតមន្ត្រីជាន់ខ្ពស់ក្នុងប្រទេសចិននៅតែបន្ត។

តាម Reuter គណៈកម្មាធិការកណ្តាលសម្រាប់អធិការកិច្ចវិន័យមិនបានផ្តល់ព័ត៌មានលម្អិតណាមួយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនលើ លោក Wang ដែលជាលេខាបក្សកុម្មុយនិស្តនោះទេ។ ហើយករណីរបស់ លោក Wang វាជារឿងកម្រណាស់សម្រាប់អ្នកដែលមានឋានៈជារដ្ឋមន្ត្រីកំពុងអង្គុយយ៉ាងស្ងៀមឲ្យគេស៊ើបអង្កេតពីខ្លួនបែបនេះ។

នៅក្នុងការបោសសម្អាតអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំរបស់ប្រធានាធិបតី លោក Xi Jinping ក្រសួងការពារជាតិទីក្រុងប៉េកាំងបានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេកំពុងស៊ើបអង្កេតលើឧត្តមសេនីយកំពូលរបស់ចិនម្នាក់គឺ លោក Zhang Youxia ដែលជាអ្នកមានអំណាចបំផុតទីពីរបន្ទាប់ពីលោក Xi ក្នុងការដឹកនាំផ្នែកយោធាក្នុងប្រទេសចិន។

ជារឿងមិនដែលគិតដល់សម្រាប់ លោក Xi មេដឹកនាកំពូលចិនរូបនេះ ធ្លាប់បាននិយាយនៅខែនេះថា ការប្រឆាំងអំពើពុករលួយគឺជាសមរភូមិដែលចិនមិនត្រូវចាញ់ឡើយ បន្ទាប់ពីប្រទេសនេះបានបើកការស៊ើបអង្កេតលើកំណត់ត្រាចំនួន 65 រួចទៅហើយ លើមន្ត្រីជាន់ខ្ពស់កាលពីឆ្នាំមុន។ 

មិនត្រឹមតែមិនលើកលែងចំពោះករណី លោក Zhang Youxia ដែលជាអ្នកមានអំណាចបំផុតទីពីរបន្ទាប់ពីមេដឹកនាំ Xi Jinping យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Daily បានឱ្យដឹងបន្ថែមថា ខណៈនេះ ក្រុមឃ្លាំមើលអំពើពុករលួយរបស់ចិន ក៏កំពុងប្រកាសការស៊ើបអង្កេតលើលោក Sun Shaocheng ដែលជាអតីតលេខាបក្សនៃតំបន់ស្វយ័តម៉ុងហ្គោលីម្នាក់ទៀតផងដែរ៕