2026-02-01 11:12
9

អង្គការសហប្រជាជាតិ (UN) កំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការខ្វះខាតថវិកាជាច្រើនសន្ធឹកសន្ធាប់ ដែលអាចប៉ះពាល់ដល់សមត្ថភាពប្រតិបត្តិការរបស់ស្ថាប័នអន្តរជាតិកំពូលមួយនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរ៉េស បានចេញសេចក្តីព្រមានអាសន្ន ដោយបញ្ជាក់ថា ការមិនបង់ប្រាក់វិភាគទានឲ្យបានទៀងទាត់ពីរដ្ឋសមាជិកមួយចំនួន បានធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ ធ្លាក់ចុះយ៉ាងគួរឱ្យបារម្ភ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា អង្គការកំពុងប្រឈមនឹង «ការរលត់ហិរញ្ញវត្ថុ» ដោយសារការមិនទាន់មានការប្រាក់វិភាគទាន និងច្បាប់ថវិកា ដែលអាចធ្វើឲ្យ UN មិនអាចអនុវត្តកម្មវិធីបានពេញលេញ និងអាចអស់ប្រាក់ក្នុងខែខែកក្កដា ឆ្នាំ២០២៦។ 

លោក ហ្គូទែរ៉េស បានលើកឡើងថា ប្រាក់វិភាគទានពីរដ្ឋសមាជិក គឺជាមូលដ្ឋានសំខាន់សម្រាប់គាំទ្រការអនុវត្តបេសកកម្មរបស់អង្គការសហប្រជាជាតិ រួមមានការថែរក្សាសន្តិភាព ការផ្តល់ជំនួយមនុស្សធម៌ ការការពារសិទ្ធិមនុស្ស និងការឆ្លើយតបចំពោះវិបត្តិសកលផ្សេងៗ។ ការខ្វះថវិកានេះ អាចបណ្តាលឲ្យមានការកាត់បន្ថយកម្មវិធីសំខាន់ៗ និងការពន្យារពេលប្រតិបត្តិការនានា។

អគ្គលេខាធិការរូបនេះ ក៏បានអំពាវនាវឲ្យរដ្ឋសមាជិកទាំងអស់ បំពេញកាតព្វកិច្ចរបស់ខ្លួនដោយការបង់ប្រាក់វិភាគទានឲ្យបានពេញលេញ និងទាន់ពេលវេលា ដើម្បីធានាថា អង្គការសហប្រជាជាតិអាចបន្តបំពេញតួនាទីជាស្នូលក្នុងការដោះស្រាយបញ្ហាសកល និងរក្សាសន្តិភាពពិភពលោកបានជាបន្តទៀត។

អ្នកវិភាគមួយចំនួន បានព្រមានថា ប្រសិនបើវិបត្តិហិរញ្ញវត្ថុនេះមិនត្រូវបានដោះស្រាយឲ្យបានឆាប់រហ័សទេ អង្គការសហប្រជាជាតិអាចប្រឈមនឹងហានិភ័យធ្ងន់ធ្ងរ រួមទាំងការខ្សោយខាតសមត្ថភាព និងការបាត់បង់ភាពជឿជាក់លើឆាកអន្តរជាតិ៕