2026-03-20 13:54
8

ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណនៅថ្ងៃទី២០ មីនានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា យុទ្ធនាការប្រឆាំងនឹងអ៊ីរ៉ង់កំពុងដំណើរការដូចការគ្រោងទុក ប៉ុន្តែរដ្ឋបាល Trump នឹងមិនកំណត់ពេលវេលាជាក់លាក់ណាមួយក្នុងការបញ្ចប់សង្គ្រាមនៅទីក្រុងតេអេរ៉ង់នោះទេ។ 

យោងតាម លោក Hegseth ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី28 ខែកុម្ភៈ កងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារគោលដៅចំនួន 7,000 នៅក្នុងទឹកដីអ៊ីរ៉ង់ ដោយបានបំផ្លាញនាវាផ្ទុកមីនជាង 40 គ្រឿង និងកម្ទេចនាវាមុជទឹកចំនួន 11 គ្រឿង។

លោក Hegseth បន្តថា សមត្ថភាពកំណត់គោលដៅរបស់អាមេរិកនៅតែខ្លាំងក្លា និងច្បាស់លាស់ដូចថ្ងៃដំបូង ហើយវាកំពុងដំណើរការទៅតាមផែនការដែល លោក ត្រាំ បានគ្រោងទុក។ 

រដ្ឋមន្ត្រីការពារជាតិអាមេរិក សង្កត់ធ្ងន់ថា គោលបំណងនៃការធ្វើសង្គ្រាមនេះ គឺដើម្បីបំផ្លាញប្រព័ន្ធបាញ់មីស៊ីលអ៊ីរ៉ង់ កន្លែងឧស្សាហកម្មការពារជាតិ មូលដ្ឋានទ័ពជើងទឹក និងដើម្បីការពារទីក្រុង Tehran ពីការទទួលបានអាវុធនុយក្លេអ៊ែរ។

គួរឲ្យដឹងថា មុនពេលសង្គ្រាមផ្ទុះកក្រើកនៅមជ្ឈិមបូព៌ា កងទ័ពជើងទឹកអ៊ីរ៉ង់មាននាវាមុជទឹកយ៉ាងហោចណាស់ 20 គ្រឿង រួមទាំងនាវាមុជទឹក Project 877EKM "Paltus" ដែលផលិតដោយរុស្ស៊ីចំនួន 3 គ្រឿង ក្នុងនោះ 2 គ្រឿងមិនអាចប្រើការបាននោះទេ រួមជាមួយនាវាមុជទឹកខ្នាតមធ្យម Fateh មួយ និងនាវាមុជទឹកធុនតូច Ghadir-class ចំនួន 16 គ្រឿងដែលត្រូវបានអភិវឌ្ឍក្នុងស្រុកដោយទីក្រុង Tehran។ 

យោងតាមរូបភាពដែលបានចេញផ្សាយដោយយោធាអាមេរិកកាលពីថ្ងៃទី 3 ខែមីនាកន្លងទៅ បានបង្ហាញថា នាវាមុជទឹក IRIS Fateh របស់អ៊ីរ៉ង់ត្រូវបានអាមេរិកបាញ់បំផ្លាញហើយ អំឡុងពេលចូលចតនៅកំពង់ផែ៕