2026-03-22 11:26
19

នៅថ្ងៃទី21 ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់បានបាញ់ផ្លោងមីស៊ីលមួយគ្រាប់ វាយប្រហារលើអគារមួយក្នុងទីក្រុង Dimona របស់អ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្ស 33នាក់រងរបួស និងបង្ករភាពចលាចលយ៉ាងខ្លាំងក្នុងទីក្រុង។

តាមយោធាអ៊ីស្រាអែលបានឲ្យដឹងថា ដំបូងឡើយអ៊ីរ៉ង់បានបាញ់ផ្លោងមីស៊ីលដើម្បីវាយប្រហារក្នុងទីក្រុង Dimona ដែលគេជឿថាមានកន្លែងផលិតនុយក្លេអ៊ែរនៅទីនោះ បន្ទាប់មកទីក្រុងតេអេរ៉ង់ក៏បានបាញ់ផ្លោងមីស៊ីលមួយគ្រាប់ទៀត ឆ្ពោះកាន់ទីក្រុង Arad ។ 

យោធាទាំងនោះបន្តថា ពួកគេបានព្យាយាមយ៉ាងខ្លាំងដើម្បីប្រើឧបករណ៍ស្ទាក់ចាប់មីស៊ីលទាំងនោះ ប៉ុន្តែជាលទ្ធផលគឺបរាជ័យទាំងអស់ សូម្បីតែឧបករណ៍ការពារដែនអាកាសអ៊ីស្រាអែលក៏មិនអាចស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់បានដែរ។

ហេតុការណ៍នេះ បានធ្វើឲ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលអង្គុយមិនសុខ ចិត្តក៏មិនស្ងប់ លោក Benjamin Netanyahu ក៏បានចេញមកប្រកាសក្ដែងៗថា ការវាយប្រហាររបស់អ៊ីរ៉ង់លើទីក្រុងចំនួន២របស់ខ្លួន បានបណ្ដាលឲ្យមនុស្ស 75 នាក់រងរបួស។ លោក Netanyahu អះអាងថា លោកនឹងសងសឹកទៅលើអ៊ីរ៉ង់វិញយ៉ាងចាស់ដៃ។ 

តាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានឲ្យដឹងថា រាល់លទ្ធផលដែលកើតលើអ៊ីស្រាអែល សុទ្ធតែមានដើមចមនៅពីក្រោយ។ ទូរទស្សន៍រដ្ឋខាងលើនិយាយថា ការវាយប្រហារលើទីក្រុង Dimona គឺជាការសងសឹកដែលគ្មានត្រាប្រណីទៅលើអ៊ីស្រាអែល ព្រោះប្រទេសនេះបានបើកការវាយប្រហារមុន ទៅលើរោងចក្រនុយក្លេអ៊ែរ Natanz របស់ខ្លួន។

កន្លងមក អង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់ ធ្លាប់បានចោទ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថា ប្រទេសទាំងពីរនេះបានវាយប្រហារលើបរិវេណចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម Natanz ដែលជារោងចក្រនុយក្លេអ៊ែររបស់ពួកគេ ប៉ុន្តែតាមការកត់សម្គាល់ជាក់ស្ដែងគេរកឃើញថា "មិនមានការលេចធ្លាយសារធាតុវិទ្យុសកម្មណាមួយត្រូវបានគេសង្កេតឃើញទេ" ។ ម្យ៉ាងវិញទៀត តាមការអះអាងពីយោធាអ៊ីស្រាអែលបាននិយាយថា ពួកគេមិនបានដឹងអំពីការវាយប្រហារលើ Natanz របស់អ៊ីរ៉ង់ទាល់តែសោះ។

គួរឲ្យដឹងថា ទីក្រុង Dimona របស់អ៊ីស្រាអែល ត្រូវបានគេជឿថាជាកន្លែងផ្ទុកអាវុធនុយក្លេអ៊ែរតែមួយគត់នៅមជ្ឈិមបូព៌ា ទោះបីជាប្រទេសនេះមិនព្រមទទួលស្គាល់ថាមានអាវុធនុយក្លេអ៊ែរក៏ដោយ។ រីឯរោងចក្រ Natanz របស់អ៊ីរ៉ង់វិញ ជាកន្លែងដែលផ្ទុកម៉ាស៊ីនត្រជាក់ក្រោមដីសម្រាប់ពង្រឹងសារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីផលិតកម្មវិធីនុយក្លេអ៊ែរដូចគ្នា៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា