2026-03-22 12:34
22

យ៉ាងហោចណាស់រ៉ាដាចំនួន10 ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់មហាអំណាចមួយនេះនៅមជ្ឈិមបូព៌ា រួមទាំងប្រព័ន្ធផ្សេងៗទៀតដែលមានតម្លៃ 500 លានដុល្លារត្រូវបានវាយប្រហារដោយការសងសឹករបស់អ៊ីរ៉ង់។

កាលពីថ្ងៃទី19 ខែមីនា ABC News បានចុះផ្សាយពីការវិភាគលើរូបភាពផ្កាយរណប និងទិន្នន័យវាលដែលបង្ហាញថា យ៉ាងហោចណាស់ស្ថានីយ៍រ៉ាដាឃ្លាំមើលរបស់អាមេរិកចំនួន10 នៅមជ្ឈិមបូព៌ា ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅចុងខែកុម្ភៈមក។ 

ក្នុងចំណោមនោះ មានរ៉ាដាឃ្លាំមើល AN/TPY-2 ចំនួនបួន ត្រូវបានគេចាត់ទុកថាជា "ភ្នែក" នៃប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ (THAAD) ដែលបានដាក់ពង្រាយនៅក្នុងប្រទេសហ្ស៊កដានី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)។

យោងតាមឯកសារថវិការបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបង្ហាញថា ប្រព័ន្ធរ៉ាដា AN/TPY-2 នីមួយៗមានតម្លៃប្រហែល 485 លានដុល្លារ។ 

តម្លៃនេះរួមបញ្ចូលទាំងការកំណត់រចនាសម្ព័ន្ធ ការគាំទ្រប្រតិបត្តិការ ការថែទាំ និងការធ្វើឱ្យសមត្ថភាពវាកាន់តែខ្ពស់ ដោយប្រព័ន្ធនីមួយៗអាចឈានដល់តម្លៃប្រហែល 1 ពាន់លានដុល្លារឯណោះ។

ចំណែក រ៉ាដាព្រមានកាំជ្រួចផ្លោង AN/FPS-132 ដែលឈរជើងក្នុងប្រទេសកាតាវិញ មានតម្លៃ ១.១ ពាន់លានដុល្លារ វាមានសមត្ថភាពក្នុងការតាមដានរយៈចម្ងាយ ៤.៨០០ គីឡូម៉ែត្រ។ រីឯ រ៉ាដាឃ្លាំមើល Giraffe 1X មានតម្លៃប្រហែល 2.3 លានដុល្លារ។ រ៉ាដានេះមានជំនាញក្នុងការរកឃើញ UAV របស់សត្រូវយ៉ាងមានប្រសិទ្ធភាព។ 

រ៉ាដារបស់អាមេរិក ដែលបានរៀបរាប់ទាំងប៉ុន្មានខាងលើ ត្រូវបានយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់បំផ្លាញបានស្ទើរតែទាំងអស់នៅមជ្ឈិមបូព៌ា។ 

តាម ABC News បានរាយការណ៍ថា ចំពោះទំហំនៃការខូចខាតប្រព័ន្ធរ៉ាដាទាំងនេះ មិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយ។ 

តាមមន្ត្រីការពារជាតិអាមេរិកម្នាក់បានបញ្ជាក់ទៅកាន់អ្នកសួរព័ត៌មានថា លោកមិនធ្វើការបកស្រាយអ្វីទាំងអស់លើការវាយតម្លៃជុំវិញការខូចខាតក្នុងអំឡុងពេលនប្រយុទ្ធនេះ។

បញ្ហាដែលកើតឡើងនេះ អ្នកជំនាញជឿថា ការវាយប្រហាររបស់អ៊ីរ៉ង់បានគូសបញ្ជាក់ពីបញ្ហាដែលសហរដ្ឋអាមេរិកកំពុងប្រឈម ពិសេសការដាក់ពង្រាយឧបករណ៍រ៉ាដាដ៏រសើបបែបនេះនៅមជ្ឈិមបូព៌ាតែម្ដង។ តាម លោក William Alberque អតីតនាយកមជ្ឈមណ្ឌលគ្រប់គ្រងអាវុធរបស់អង្គការណាតូ ហាក់សើចចំអកឲ្យទីក្រុងវ៉ាស៊ីនតោនដោយប្រយោលថា រ៉ាដាទាំងនោះមានតម្លៃថ្លៃមិនគួរឱ្យជឿ ប៉ុន្តែបែរជាមានភាពផុយស្រួយ និងងាយរងគ្រោះទៅវិញ ។

តាមរបាយការណ៍របស់ CSIS ដែលត្រូវបានវិភាគ និងបោះពុម្ពផ្សាយដោយ BBC នៅថ្ងៃទី21 ខែមីនា បានបង្ហាញថា យុទ្ធសាស្រ្តសងសឹករបស់អ៊ីរ៉ង់ក្នុងរយៈពេលពីរសប្តាហ៍ដំបូងបានបណ្តាលឱ្យអាមេរិក ត្រូវចាយលុយប្រហែល 800 លានដុល្លារ ដោយសារការខូតខាតហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់។ 

តួលេខនេះគឺខ្ពស់ជាងស្ថិតិដែលបានរាយការណ៍ពីមុន នេះមានន័យថា បើសង្គ្រាមនៅតែបន្ត នោះអាមេរិកនឹងត្រូវចាយលុយកាន់តែច្រើនជាងមុនទ្វេដង។ 

លោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៅ CSIS បាននិយាយថា ការខូចខាតដល់មូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ាមិនទាន់ត្រូវបានលម្អិតនៅឡើយទេ ប៉ុន្តែវាហាក់ដូចជាធ្ងន់ធ្ងរណាស់៕

ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា