2026-03-31 14:51
12

សុភាសិតមួយឃ្លាពោលថា “ដំរីងាប់ យកចង្អេមកបាំងមិនជិតទេ” ទីបំផុត អ៊ីរ៉ង់ព្រមចេញបញ្ជាក់ហើយថា មេបញ្ជាការកងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលទទួលបន្ទុកបិទច្រកសមុទ្រ Hormuz ត្រូវបានសម្លាប់ប្រាកដមែន។

តាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃទី26 ខែមីនាថា យោធារបស់ប្រទេសរបស់ខ្លួនបានសម្លាប់ លោក Rear Tangsiri និងមេបញ្ជាការកងនាវាចរអ៊ីរ៉ង់ជាន់ខ្ពស់មួយចំនួនទៀតនៅក្នុងការវាយប្រហារលើទីក្រុងតេអេរ៉ង់។ 

រីឯទីបញ្ជាការកណ្តាល (CENTCOM) ដែលជាភ្នាក់ងារទទួលបន្ទុកប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ក៏បានបញ្ជាក់ដែរថា លោក Tangsiri ពិតជាបានស្លាប់ពិតមែន។ 

ក្រោយការប្រកាសរបស់អាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់ហាក់នៅស្ងៀមទ្រឹង និងមិនបានចេញបកស្រាយអ្វីទាំងអស់។ បានមួយរយៈ គេហទំព័រ Sepah News នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ក៏បានដាច់ចិត្តរាយការណ៍នៅថ្ងៃទី៣០ ខែមីនាថា លោក អាលីរ៉េហ្សា តាំងស៊ីរី គឺបានស្លាប់ហើយ ដោយសារតែរបួសធ្ងន់ធ្ងរក្នុងការវាយប្រហារមួយ ប៉ុន្តែមិនបានបញ្ជាក់ពីកាលៈទេសៈដែលនាំឱ្យគាត់រងរបួសនោះទេ។ 

តាមសារព័ត៌មាន Al Jazeera បានរាយការណ៍បន្ថែមថា លោក Tangsiri ជាបុគ្គលម្នាក់ដែលដើរតួយ៉ាងសំខាន់នៅក្នុងកងទ័ពជើងទឹករបស់អ៊ីរ៉ង់។ ឧត្តមនាវីទោរូបនេះតែងសង្កត់ធ្ងន់លើយុទ្ធសាស្ត្រគ្រប់គ្រងច្រកសមុទ្រ Hormuz ។ 

ហើយគាត់ក៏លេចមុខជាអ្នកទទួលខុសត្រូវចំពោះគម្រោងអភិវឌ្ឍយានជំនិះគ្មានមនុស្សបើក សម្រាប់ប្រតិបត្តិការដែនសមុទ្រផងដែរ៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា