2026-03-31 16:14
11

អ៊ីរ៉ង់កាន់តែខ្លាំងដៃហើយ គុយវ៉ែតក្លាយជាជនរងគ្រោះបន្ទាប់ ខណៈទីក្រុងតេអេរ៉ង់បើកការវាយប្រហារយ៉ាងចាស់ដៃ លើនាវាដឹកប្រេងទម្ងន់ ៣២០,០០០ តោន។

តាមទីភ្នាក់ងារព័ត៌មានរដ្ឋរបស់គុយវ៉ែត KUNA បានរាយការណ៍នៅថ្ងៃទី៣១ មីនា ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនប្រេងរដ្ឋ KPC ថា នាវាដឹកប្រេងគុយវ៉ែតដ៏ធំ ឈ្មោះ Al Salmi មានប្រវែង ៣៣២ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ និងមានទម្ងន់សរុបជិត ៣២ ម៉ឺនតោន ត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ ខណៈពេលដែលកំពុងបោះយុថ្កានៅកំពង់ផែទីក្រុងឌូបៃ ក្នុងប្រទេសអារ៉ាប់រួម (UAE)។

ការវាយប្រហារនេះបានធ្វើឱ្យនាវា Al Salmi ឆេះនិងរងការខូចខាតផ្នែកខ្លះ រីឯប្រេងវិញក៏មានការលេចធ្លាយចូលទៅក្នុងសមុទ្រភ្លាមៗ ចំណែកសមាជិកនាវិកចំនួន 24 នាក់បានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់អ្វីឡើយ។ នេះបើតាមការចេញផ្សាយពី Al Jazzera នៅថ្ងៃទី៣១ មីនា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់ពីអាជ្ញាធរទីក្រុងឌូបៃបានឲ្យដឹងថា ពាក់ព័ន្ធនឹងការវាយប្រហារនេះ អ៊ីរ៉ង់បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (UAV) ចាត់ការលើនាវាដឹកប្រេងគុយវ៉ែត នៅក្នុងដែនទឹករបស់ខ្លួន។ 

ប៉ុន្តែខណៈនេះក្រុមពន្លត់អគ្គីភ័យតាមសមុទ្រកំពុងធ្វើការដើម្បីគ្រប់គ្រងភ្លើងហើយ។ រីឯមន្ត្រីអ៊ីរ៉ង់វិញ បានរក្សាភាពស្ងៀមស្ងាត់និងមិនទាន់បានធ្វើការអត្ថាធិប្បាយអ្វីទាំងអស់លើបញ្ហាក្ដៅៗនេះ។

គួរឲ្យដឹងថា គុយវ៉ែតក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារម្ដងជាពីរដងពីអ៊ីរ៉ង់ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅចុងខែកុម្ភៈ។ 

នៅយប់ថ្ងៃទី28 ខែមីនា យោធាគុយវ៉ែតបានរកឃើញមីស៊ីល 14 គ្រាប់ និងយន្តហោះគ្មានមនុស្សបើក 12 គ្រឿងចូលក្នុងដែនអាកាសរបស់ខ្លួន។ 

លើសពីនេះ អាវុធមួយចំនួនក្នុងចំណោមអាវុធទាំងនេះក៏បានកំណត់គោលដៅលើមូលដ្ឋានយោធាក្នុងប្រទេសគុយវ៉ែត ដែលបានធ្វើឱ្យទាហាន១០នាក់រងរបួសថែមទៀតផង៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា