សង្គ្រាមប្រើកម្លាំងនៅតែបន្ត ឯជម្លោះពាក្យសម្ដីរឹតតែក្ដៅងំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ឧត្តមសេនីយ Ali Abdollahi Aliabadi មេបញ្ជាការនៃបញ្ជាការកណ្តាល ដែលទទួលបន្ទុកប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានស្រែកសម្លុត លោក ត្រាំ កាលពីថ្ងៃទី4 ខែមេសាថា "ច្រកទ្វារនរកនឹងបើក" សម្រាប់ទទួលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់នៅតែបន្តរងការវាយប្រហារឥតឈប់ឈរ។
ក្រោយការព្រមាននេះ លោក Ebrahim Zolfaghari អ្នកនាំពាក្យរបស់បញ្ជាការកណ្តាល Khatam al-Anbiya ក៏បានចេញមកនិយាយបន្ថែមទម្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ទៅអាមេរិកបន្តថា "កុំភ្លេចថា ប្រសិនបើជម្លោះកាន់តែកើនឡើង តំបន់ទាំងមូលនឹងក្លាយទៅជានរកសម្រាប់អ្នក”។
សារព្រមានច្បាស់ៗព្រមៗគ្នានេះពីអ៊ីរ៉ង់ធ្វើឡើង បន្ទាប់ពី លោក Donald Trump បានគំរាមកំហែងទីក្រុងតេអេរ៉ង់ថា លោកនឹង "នាំយកនរក" មកគ្របដណ្ដប់ទូទាំងប្រទេសអ៊ីរ៉ង់ ហើយបើចង់គេចផុតពីទ្វារនរកនេះ លុះត្រាណាតែតេអេរ៉ង់យល់ព្រមឈានដល់កិច្ចព្រមព្រៀងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញមុនថ្ងៃទី 6 ខែមេសា ខាងមុខ។
សំឡេងកំហែងរបស់ លោក ត្រាំ អ៊ីរ៉ង់ហាក់មិនព្រឺសម្បុរសូម្បីបន្តិច ដោយហេតុថានៅព្រឹកថ្ងៃទី០៥ ខែមេសានេះ យោធាអ៊ីរ៉ង់បានបើកប្រតិបត្តិការបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក សំដៅលើអ៊ីស្រាអែល និងគុយវ៉ែតជាហូរហែរតែម្ដង។
តាមការចេញផ្សាយពី V.N. Express នៅថ្ងៃទី៥ មេសានេះ បានឲ្យដឹងថា មន្ត្រីការពារជាតិអ៊ីស្រាអែលជាន់ខ្ពស់ម្នាក់បានចេញមកប្រកាសថ្ងៃទី4 ខែមេសាថា អ៊ីស្រាអែលកំពុងរៀបចំវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយរង់ចាំតែភ្លើងខៀវពីបងធំអាមេរិកផ្ដល់សញ្ញាប៉ុណ្ណោះ។
យោងតាមកាសែត Wall Street Journal បានផ្សាយថា ទីប្រឹក្សាជាន់ខ្ពស់អាមេរិកជាច្រើននាក់បានផ្ដល់យោបល់ទៅ លោក Trump ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា រោងចក្រថាមពល និងស្ពាននៅអ៊ីរ៉ង់ គឺជា "គោលដៅយោធាស្របច្បាប់" ហើយការបំផ្លាញពួកវាអាចបំផ្លាញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះបាន។
ស្ដាប់ហើយ លោកTrump ក៏ងក់ក្បាលយល់ស្រប។ ទើបកាលពីថ្ងៃទី២ ខែមេសា យោធាអាមេរិកបានបើកការវាយប្រហារលើស្ពានដ៏ធំរបស់អ៊ីរ៉ង់ដែលតភ្ជាប់ពីទីក្រុង Karaj ទៅកាន់រដ្ឋធានី Tehran ដោយបានសម្លាប់មនុស្សយ៉ាងហោច១៣នាក់។
ក្រោយប្រតិបត្តិការកម្ទេចស្ពានខាងលើ ភ្លាមៗ លោក Trump បានភ្ជាប់សារព្រមានអ៊ីរ៉ង់បន្ថែមថា សហរដ្ឋអាមេរិកអាចបើកការវាយប្រហារធ្ងន់ធ្ងរបន្ថែមទៀត ដែលនឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាជនអ៊ីរ៉ង់ជាង 90 លាននាក់។
រីឯតេអេរ៉ង់វិញ ហាក់មិនញញើត រួចផ្ដាំទៅ លោក ត្រាំ វិញថា ប្រជាជនអ៊ីរ៉ង់៧លាននាក់ត្រៀមកាន់អាវុធស្វាគមន៍ទាហានអាមេរិករួចរាល់ហើយ ប្រសិនជាហ៊ានជាន់ដីអីរ៉ង់៕
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា





