2026-04-05 13:20
20

អ៊ីរ៉ង់ជឿជាក់ថា ខ្លួនជាប្រទេសមានអំណាចដែលអាចបង្ក្រាបឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន ដោយផ្អែកលើល្បិចនៃយុទ្ធសាស្ត្រ និងភាពស៊ូទ្រាំរបស់ខ្លួន បើទោះជាហេដ្ឋារចនាសម្ព័ន្ធប្រទេសនេះរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក៏ដោយ។

ងាកក្រោយបន្តិច មើលពីស្ថានការណ៍កាលពីប៉ុន្មានថ្ងៃមុន លោក Donald Trump ធ្លាប់ប្រកាសបំបាក់ស្មារតីប្រជាជនអ៊ីរ៉ង់ថា អាមេរិកជិតឈ្នះសង្គ្រាមហើយ និងបន្ទរសំឡេងគម្រាមទម្លាក់អ៊ីរ៉ង់ឲ្យវិល "ត្រលប់ទៅយុគសម័យថ្ម" វិញ។ 

ប៉ុន្តែភ្លាមៗប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានចេញផ្សាយផែនទីនៃចក្រភព Achaemenid ដែលទីក្រុងតេអេរ៉ង់ធ្លាប់បានគ្រប់គ្រងតំបន់មជ្ឈិមបូព៌ាកាលពីជាង 2,500 ឆ្នាំមុន បង្អួតទៅ លោក ត្រាំ វិញអមដោយសារថា "ផែនទីនេះបង្ហាញអ៊ីរ៉ង់ក្នុងយុគសម័យថ្ម”។ 

សារនេះ តេអេរ៉ង់ចង់បញ្ឈឺលោក ត្រាំ ថា ប្រសិនប្រទេសខ្លួនវិលទៅសម័យថ្មវិញវានឹងរឹតតែល្អ ព្រោះកាលសម័យថ្មអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រងមជ្ឈិមបូព៌ាទាំងមូល។

វិលទៅក្នុងអំឡុងពេលប្រាំសប្តាហ៍នៃការប្រយុទ្ធគ្នាវិញ អ៊ីរ៉ង់បានទទួលរងការខាតបង់ជាទម្ងន់ ខណៈព្យាយាមប្រឆាំងនឹងអំណាចយោធាដ៏ខ្ពង់ខ្ពស់របស់អាមេរិក និងអ៊ីស្រាអែល ប៉ុន្តែផ្ទុយស្រឡះពីការឃើញជាក់ស្ដែង មន្ត្រីអ៊ីរ៉ង់ទាំងអស់បែរជាមិនព្រមទម្លាក់អាវុធចុះចាញ់ រួមទាំងស្រែកព្រមគ្នាថា ពួកគេនឹងត្រៀមខ្លួនប្រយុទ្ធរហូតដល់ទីបញ្ចប់។

យោងតាមសេណារីយ៉ូខ្លះៗខាងលើ តើមានហេតុផលអ្វីដែលធ្វើឲ្យអ៊ីរ៉ង់ជឿជាក់ថា មានសមត្ថភាពយកឈ្នះអាមេរិក និងអ៊ីស្រាអែលបាន?

ថ្ងៃនេះ MSJ នឹងលើកយកហេតុផល២យ៉ាងដែលទីក្រុងតេអេរ៉ង់ប្រើ ដើម្បីគៀបអាមេរិក និងអ៊ីស្រាអែល។

ទី១៖ សង្គ្រាមមិនស៊ីមេទ្រីគ្នា៖ កត្តាសំខាន់មួយក្នុងការបន្តជំនឿរបស់អ៊ីរ៉ង់លើជ័យជម្នះគឺយុទ្ធសាស្ត្រសង្គ្រាមមិនស៊ីមេទ្រីរបស់ខ្លួន។ 

ជំនួសឱ្យការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយយោធាអាមេរិក ទីក្រុងតេអេរ៉ង់ជ្រើសរើសកំណត់គោលដៅលើចំណុចខ្សោយជាប្រព័ន្ធរបស់សត្រូវវិញម្ដង។

ដំបូងមើលឃើញថា អាមេរិក និងអ៊ីស្រាអែលសម្រុកទម្លាក់គ្រាប់បំផ្លាញគោលដៅក្នុងប្រទេសខ្លួនជាង 16,000 កន្លែង។ 

អ៊ីរ៉ង់ចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្ត ដោយកសេដ្ឋកិច្ចពិភពលោកមកភ្នាល់ជាមួយអាមេរិក។ តេអេរ៉ង់ចាត់ទុកការឡើងចុះនៃតម្លៃប្រេងពិភពលោកជាភស្តុតាងដ៏មានប្រសិទ្ធភាព ក្នុងការបង្កើតឱ្យមានផលប៉ះពាល់ជាសកល និងបង្ខំឱ្យប្រទេសមហាអំណាចពិចារណាឡើងវិញនូវយុទ្ធសាស្ត្រសង្គ្រាមរបស់ពួកគេ។ 

ក្នុងចំណុចនេះ ច្រកសមុទ្រ Hormuz ដើរតួនាទីសំខាន់បំផុតក្នុងយុទ្ធសាស្ត្រអ៊ីរ៉ង់។ 

ក្នុងនាមជាផ្លូវដឹកជញ្ជូន 20% នៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកពីឈូងសមុទ្រ អ៊ីរ៉ង់ចាត់ទុក Hormuz ជាអាវុធសម្ងាត់ដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន។ មិនចាំបាច់បិទច្រកនេះទាំងស្រុងទេ គ្រាន់តែបង្កើតហានិភ័យឲ្យការដឹកជញ្ជូនឆ្លងកាត់មានការលំបាក ក៏អាចធ្វើឲ្យសត្រូវមានសម្ពាធខ្លាំងណាស់ទៅហើយ។

ទី២៖ មនោគមវិជ្ជាខ្លាំង៖ យុទ្ធសាស្រ្តនេះ ទីក្រុងតអេរ៉ង់ប្រើចិត្តសាស្រ្តក្នុងការដាក់មនោគមន៍លើប្រជាជនអ៊ីរ៉ង់ ដើម្បីឲ្យមានការឈឺចាប់ជាមួយទង្វើវាយប្រហាររបស់សត្រូវលើទឹកដីរបស់ខ្លួន និងជាកម្លាំងជម្រុញឲ្យប្រជាជនទាំងអស់ក្រោកឈរ ត្រៀមប្រយុទ្ធការពាររបបគ្រប់គ្រងក្នុងប្រទេសបន្តទៀត។ 

ទន្ទឹមនឹងការប្រឹងប្រែងរបស់អាមេរិក រួមទាំងអ៊ីស្រាអែល ក្នុងការធ្វើឃាតមេដឹកនាំកំពូល លោក Ali Khamenei និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ដើម្បីបន្សាបរបបនៃការដឹកនាំនោះ។
 
អ្វីៗបែរជាក្រឡាប់ចាក់ខុសពីការរំពឹងរបស់ លោក ត្រាំ ទាំងអស់ ចុងបញ្ចប់ មន្រ្តីអ៊ីរ៉ង់បានរើស លោក Mojtaba Khamenei ដែលជាបុគ្គលមានគំនិតតឹងតែងជាងឪពុកឲ្យក្លាយជាមេដឹកនាំកំពូលថ្មី។ 

វិធីសាស្រ្តទី២ដែលអ៊ីរ៉ង់ប្រើនេះ កំពុងបង្វែរឲ្យអាមេរិកត្រូវរៀបចំឥរិយាបថ និងយុទ្ធសាស្រ្តរបស់ខ្លួនជាថ្មី ដើម្បីអាចសង្គ្រប់ដង្ហើមទីក្រុងតេអេរ៉ង់បាន។

ចំណុចនេះ មេដឹកនាំអ៊ីរ៉ង់មិនចាំបាច់ដេកភ័យខ្លាចរបបគ្រប់គ្រងដួលរលំទេ ប្រើតែចិត្តសាស្រ្តបន្ទន់ស្មារតីឲ្យប្រជាជនទាំងអស់ងើបឡើងពួតដៃគ្នាក្នុងប្រទេស ក៏សត្រូវខាងក្រៅពិបាកនឹងចូលដីអ៊ីរ៉ង់បានដែរ។ ពោលសំឡេងប្រជាជន មានទម្ងន់ជាងអំណាចដែលមេដឹកនាំម្នាក់កំពុងគ្រប់គ្រង។

តើយុទ្ធសាស្រ្តទាំងពីរនេះ អ៊ីរ៉ង់ពិតជាអាចយកឈ្នះអាមេរិក និងអ៊ីស្រាអែលបានពិតមែនឬ? 
ប្រែសម្រួលអត្ថបទដោយ៖ ម៉េង ធីដា