2026-04-10 13:53
14

ពោធិ៍សាត់៖ ជាការឆ្លើយតបរវាងកម្លាំងនៅបន្ទាត់ជួបមុខ រដ្ឋបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរអង្គភាព រួមទាំងស្រុក-ក្រុង ចំនួន ៧ ដើម្បីយកគ្រឿងបរិភោគឧបភោគ និងថវិកាមួយចំនួនជូនដល់វីរៈកងទ័ព នៅវរៈនគរបាលព្រំដែនគោកដែលនៅឈរជើងការពារព្រំដែនទិសថ្មដា ចំនួន ១៦ អង្គភាព ដើម្បីអបអរសាទរចូលឆ្នាំបុណ្យប្រពៃណីជាតិខ្មែរ និងបង្កើនភាពស្និទ្ធស្នាលរួមសាមគ្គីគ្នាកាន់តែស៊ីជម្រៅ។ ក្នុងពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នាឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនកងទ័ពជួរមុខ ក្នុងបុព្វហេតុរក្សាការពារសន្តិភាព ឯករាជ្យ អធិប​តេយ្យភាព បូរណភាពទឹកដីឱ្យបានគង់វង្ស ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងពរសព្ទសាធុការពីសំណាក់ប្រមុខថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់វីរកងទ័ពគ្រប់លំដាប់នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពេលខាងមុខនេះផងដែរ។ 

លោកអភិបាលខេត្តបានគូសបញ្ជាក់នូវចំណុចខ្លាំងដែលនាំឱ្យកម្ពុជាមានភាពជោគជ័យ និងមានប្រៀបឈ្នះកងទ័ពបរទេសឈ្លានពាន។ កម្ពុជាមានថ្នាក់ដឹកនាំល្អ និងឈ្លាសវៃ មានចក្ខុវិស័យវែងឆ្ងាយ ជាពិសេសមានសម្តេចតេជោ និងសម្តេចបវរធិបតី ដែលមានបទពិសោធន៍ផ្នែកយុទ្ធសាស្រ្ត សមរភូមិការទូត និងសមរភូមិប្រដាប់អាវុធ ព្រមទាំងមានភាពចាស់ទុំខាងនយោបាយ។ វីរកងទ័ពជាតិកម្ពុជាមានចិត្តស្មោះត្រង់ អង់អាចក្លាហាន គោរពវិន័យ   និងមានបទពិសោធន៍ប្រយុទ្ធក្នុងសមរភូមិ ព្រមទាំងប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារជាតិ។ ប្រជាជនកម្ពុជានៅសមរភូមិក្រោយទាំងអស់ មានសម្លេងតែមួយ រួមគ្នាជាមហាសាមគ្គីជាតិដ៏រឹងមាំ ដែលជាខ្នងបង្អែកគាំទ្រដល់សមរភូមិមុខ ដូចមានកម្មវិធីថ្ងៃនេះ។

លោក ខូយ រីដា បានបញ្ជាក់បន្ថែមទៀតថា ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បាន និងត្រូវបន្តជំរុញដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខក្នុងការការពារទឹកដីឱ្យគង់វង្ស ព្រោះ កម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាឈ្លានពានយកដីកម្ពុជាសូម្បីមួយមីលីម៉ែត្រឡើយ

ជាមួយគ្នានោះ លោកអភិបាលខេត្តបានបង្ហាញពីការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពនៃវីរៈកងទ័ព កងនគរបាល កងរាជអាវុធហត្ថ ដែលកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិយើង។

លោកលើកឡើងថា ចំពោះគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកា ដែលបានយកមកឧបត្ថម្ភជូនដល់វីរៈកងទ័ពយើងនៅពេលនេះគឺបានមកពីកម្លាំងមហាសាមគ្គីខ្មែររួបរួមខ្មែរតែមួយ ក្នុងន័យសមរភូមិក្រោយបន្តជួយឧបត្ថម្ភគាំទ្រជានិច្ចដល់សមរភូមិគ្រប់ពេលវេលាដោយមិនរារែកឡើយ៕ វឿន គ្រន